បរទេស៖ ដោយសារតែកីឡាករ Gavi មានបញ្ហារបួសរយៈពេល, កីឡាករ Pedri មានបញ្ហាសុខភាព និងកីឡាករ Oriol Romeu មានទម្រង់លេងមិនល្អ ធ្វើអោយលោក Xavi Hernandez បានស្នើរសុំក្លឹបក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Garcia។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាការផ្ទេរមួយនេះវាស្ថិតក្នុងការពិបាកមួយ ដោយសារតែបញ្ហាហរិញ្ញាវត្ថុរបស់ក្លឹប Barca។
ប្រភពដដែរបានអោយដឹងថាក្លឹប Barca និងក្រុមគ្រូបង្វឹកពិតជាមានចំណាប់អារម្មណ៍ខ្លាំងទៅលើទម្រង់លេងរបស់ Garcia នារដូវកាលនេះ ប៉ុន្តែក្លឹប Girona មិនចង់លក់កីឡាករវ័យ ២៦ឆ្នាំរូបនេះទេ។ ក្លឹប Barca បានរាយការអំពីការយកកីឡាករ Romeu ជាជម្រើសក្នុងការដោះដូរ ប៉ុន្តែត្រូវបានក្លឹប Girona ធ្វើការបដិសេធចំពោះសំណើរមួយនេះ ហើយក្លឹបនឹងអនុញ្ញាតអោយកីឡាករចាកចេញ ប្រសិនជាលោក Joan Laporta និងក្រុមការងារអាចផ្តល់នៅតម្លៃ ២០លានអឺរ៉ូសម្រាប់លក្ខខណ្ឌផ្តាច់កុងត្រា។
ប្រធានក្លឹប Girona លោក Pere Guardiola បានប្រាប់ Relevo ថាពួកគេមិនមានផែនការក្នុងការអនុញ្ញាតអោយកីឡាករ Garcia ចាកចេញនោះទេ។ គាត់បាននិយាយយ៉ាងដូច្នេះថា៖ “ពួកយើងមិនចង់អោយគាត់ចាកចេញនោះទេ។ ក្លឹប Barcelona មិនដែលចូលមកសាកសួរពួកយើងទេ។ ពួកយើងមិនបានទទួលនៅសំណើរណាមួយ ហើយផែនការរបស់ពួកយើងគឺបន្តនៅជាមួយក្រុមមួយនេះដដែរ”។
ខាងក្លឹប Barca អាចនឹងត្រូវសម្លឹងរកមើលកីឡាករផ្សេង ប្រសិនជាក្លឹបចង់បានខ្សែបម្រើនៅខែមករានេះ។ ក្រុមរបស់លោក Xavi បានត្រលប់មកភាពសកម្មវិញ ក្រោយបានយកឈ្នះក្លឹប Las Palmas នៅថ្ងៃនេះ ហើយពួកគេត្រូវតែរក្សានៅទម្រង់លេងនេះ ដើម្បីធ្វើការប្រជែងជាមួយនឹងក្លឹប Real Madrid និង Girona ដែលតែងតែទទួលជ័យជំនះ៕