បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងកំពុងតែមានទម្រង់លេងយ៉ាងល្អនៅក្នុងប្រទេសអេស្ប៉ាញ់ ចាប់តាំងពីផ្ទេរចេញពីក្លឹបបិសាចក្រហមក្រោមលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅ ហើយអាចរកបានដល់ទៅ ៩គ្រាប់សម្រាប់រដូវកាលនេះ ជាមួយនឹងការស៊ុតបញ្ចូលទី ១គ្រាប់ និង Assist មួយក្នុងជ័យជំណះ ៣-០ ទៅលើក្លឹប Sevilla កាលពីដើមខែ។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Barcelona បានរាយការណ៍អំពីការបញ្ជូនក្រុមការងារទៅធ្វើការឃ្លាំមើលសម្រាប់ជំនួបយកឈ្នះក្រុម Valencia ១-០ និងជំនួបស្មើរគ្នាជាមួយនឹងក្លឹប Atletico Madrid ក្នុងលទ្ធផល ៣-៣។
ប្រភពដដែរបានអោយដឹងថាក្រោយធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់អ្នកតំណាងអោយក្លឹប Barcelona បានអោយដឹងថា Greenwood អាចក្លាយជា “Tailor-made” សម្រាប់ Camp Nou។ ក្លឹប Barca សម្រេចធ្វើការប្រជែងយកកីឡាករវ័យ ២២ឆ្នាំរូបនេះ។ ការផ្ទេររបស់ក្លឹប Barcelona នេះ អាចនឹងធ្វើឡើងនៅរដូវក្តៅ ហើយពួកគេអាចនឹងត្រូវប្រជែងជាមួយនឹងក្លឹបផ្សេងទៀតនៅក្នុងលីគអេស្ប៉ាញដូចគ្នា។
ទម្រង់លេងរបស់ Greenwood នៅក្នុងការប្រកួតជាមួយនឹងក្លឹប Atletico បានធ្វើអោយទាក់ភ្នែកក្លឹបមួយនេះ ខណៈដែលក្លឹប Real Madrid ក៏ស្ថិតនៅក្នុងការចាប់អារម្មណ៍ផងដែរ។ ដោយឡែកក្លឹប Getafe កំពុងព្យាយាមធ្វើអោយការខ្ចីជើងមួយនេះ ប្តូរទៅជាការផ្ទេរជាអចិន្ត្រៃយ៍ ហើយខាងក្លឹបក៏បានបញ្ជាក់អំពីការត្រៀមប្រាក់ ៤០លានផោន សម្រាប់ការផ្ទេរនៅខែមករានេះ។
ប្រភពដដែរក៏បានបន្ថែមទៀតថា ក្លឹប Valencia និង Real Sociedad ក៏បានចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិអង់គ្លេសនេះ ដែលមានន័យថាអនាគតរបស់គាត់អាចនឹងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ។ សម្រាប់លោក Erik ten Hag ក៏មានបំណងចង់រក្សាទុកគាត់នៅក្លឹប United ដូចគ្នា។ បញ្ហារបស់ Greenwood នឹងត្រូវបញ្ជាក់ច្បាស់ក្រោយការខ្ចីជើងរបស់គាត់នឹងផុតនាខែមិថុនា ឆ្នាំ២០២៤៕