បន្ទាយមានជ័យ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថៃ ជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន ប្រាំបួននាក់ខាងលើ ។

ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ – សូម ជម្រាបជូនថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៩.០០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ ដឹកនាំសមត្ថកិច្ចចំរុះមានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុង និង អាជ្ញាធរក្រុងប៉ោយប៉ែត ចុះដល់អាគារមួយកន្លែង ចំណុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានរកឃើញជនជាតិថៃ១៧នាក់ស្រី១០នាក់ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត នឹងចុះត្រួតពិនិត្យ កន្លែងកើតហេតុករណីឆេះបន្ទប់ដេកស្នាក់នៅរបស់បុគ្គលិកលេខA7 ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូពូលី មានទីតាំង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្ស័យពាក់ព័ន្ធនឹងជនជាតិថ ចំនួន០៩នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

យោងតាមលទ្ធផលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញ និងស្ដាប់ការបំភ្លឺរបស់អ្នកពាក់ ព័ទ្ធជុំវិញរឿងហេតុខាងលើឃើញថា ជនជាតិថ០៩នាក់បានឈ្លោះប្រកែកគ្នាដុតឆេះបន្ទប់ដេក និងបានបើអំពើ ហិង្សាលើសន្តិសុខពេលចូលឃាត ដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ ទើបនាំគ្នារត់គេចខ្លួនលោតផ្លោះរបង បន្លាលួសបណ្ដាលអោយមានរបួស ហើយបានលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ ។ ចំពោះការប្រើអំពើហិង្សា និងបង្ខាំងទៅលើជនជាតិថៃ០៩នាក់នោះ គឺសមត្ថកិច្ចយើងរកពុំទាន់ឃើញ មានភស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់របស់សារព័ត៌មានថៃបានចុះផ្សាយនោះទេ ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
