Mikel Arteta រួច​ផុត​ពី​ការ​ចោទប្រកាន់

0

លោក Mikel Arteta បាន​រួច​ផុត​ពី​ការ​ពិន័យ បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពី​សមាគម​បាល់ទាត់ ក្រោយ​ពី​អ្នកចាត់ការ​ទូទៅ​ក្រុម Arsenal បាន​រិះគន់​ទៅ​លើ​ស្តង់ដារ​អាជ្ញាកណ្តាល​។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ បាន​ចាត់​ទុក​ការ​សម្រេច​ចិត្តការ​ផ្ដល់​គ្រាប់​បាល់​អោយ Anthony Gordon នៅ​ក្នុង​ការ​បរាជ័យ 1-0 ជាមួយ Newcastle ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​ទី 4 ខែវិច្ឆិកា ថា​ជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន​។

Arteta ត្រូវ​បាន​ចោទប្រកាន់​ដោយ FA សម្រាប់​ការ​បំពាន​ច្បាប់ E3.1 ដែល​អាច​បណ្តាល​ឱ្យ​មានការ​ពិន័យ ប៉ុន្តែ​ពេល​នេះ​ការ​ចោទប្រកាន់​ត្រូវ​បាន​លុប​ចោល​។

សេចក្តីថ្លែងការណ៍​របស់ FA បាន​បញ្ជាក់​ថា​៖ «​គណៈកម្មការ​និយតកម្ម​ឯករាជ្យ បាន​យល់​ច្រឡំ​ចំពោះ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង Mikel Arteta សម្រាប់​ការ​រំលោភ​លើ​ច្បាប់ FA Rule E3.1»​។ អ្នកគ្រប់គ្រង​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់ បន្ទាប់​ពី​មានការ​អត្ថាធិប្បាយ​ផ្សេង​ៗ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ទាប់​ពី​ការ​ប្រកួត Premier League របស់ Arsenal ជាមួយ Newcastle United នៅ​ថ្ងៃ​សៅរ៍​ទី 4 ខែវិច្ឆិកា​។

ចាប់តាំងពី​ពេល​នោះ​មក Arteta បាន​និយាយ​ថា​គាត់​នឹង​បន្ត​និយាយ​ប្រឆាំង​នឹង​មន្ត្រី​ដែល​ធ្វើការ​មិន​បាន​ល្អ និង​ការ​ប្រើប្រាស់ VAR ប្រសិនបើ​គាត់​ឃើញ​ថា​មិន​បាន​បំពេញ​តាម​ថា​ស្តង់ដារ​៕