គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta និយាយថា Emile Smith Rowe ក្លាយជាកីឡាករល្អជាងមុន ដោយសារតែការលំបាកដែលគាត់បានជួបប្រទះ អំឡុងពេលរបួសរបស់គាត់។
ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនត្រឹមតែ 22 ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ ខណៈដែលគាត់មានការតស៊ូ ដើម្បីរក្សាភាពរឹងមាំជាមួយនឹងបញ្ហាជាច្រើន។ កីឡាករដែលទើបតែមានអាយុ ២៣ឆ្នាំបានវិលមកហ្វឹកហាត់វិញក្នុងសប្តាហ៍នេះ បន្ទាប់ពីបានសម្រាក ៦ សប្តាហ៍។
គាត់ត្រូវបានស្វាគមន៍ដោយការលើកទឹកចិត្តពីលោក Arteta ដោយលើកឡើងថា ការលំបាករបស់គាត់នឹងធ្វើឱ្យគាត់ ក្លាយជាកីឡាករល្អជាងមុន។
Arteta បាននិយាយថា៖ «អ្វីដែលគាត់បានឆ្លងកាត់ គឺជាផ្នែកមួយនៃបទពិសោធន៍ ដែលកីឡាករបាល់ទាត់កំពូល 95 ភាគរយបានឆ្លងកាត់ដូចគ្នា។ របួសនោះជាការលំបាកដែលបានបង្រៀនគាត់។ ពេលនេះគាត់ត្រលប់មកវិញហើយ ហើយគាត់អាចប្រើវាតាមរបៀបដ៏មានឥទ្ធិពល គាត់បានក្លាយជាកីឡាករល្អជាងមុន។ ខ្ញុំគិតថា គាត់ដើរលើផ្លូវត្រូវ ផ្លូវដែលគាត់បានធ្វើការកែប្រែ។ យើងអាចផ្តល់ឱកាសឱ្យគាត់លេងកាន់តែច្រើន គាត់នឹងកាន់តែល្អ»៕