កីឡាករសញ្ជាតិអ៊ីតាលី Giorgio Chiellini បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីក្រុម Los Angeles FC បរាជ័យក្នុងលទ្ធផល 2-1 ក្រោយថ្វីជើងក្រុម Columbus Crew ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ MLS Cup កាលពីថ្ងៃសៅរ៍។
កីឡាករវ័យ 39 ឆ្នាំរូបនេះបានចំណាយពេលយ៉ាងយូរនៃអាជីពរបស់គាត់នៅ Juventus ដោយបានឈ្នះពានរង្វាន់ Serie A ចំនួន 9 ដងជាមួយនឹងក្រុមដែលមានមូលដ្ឋាននៅទីក្រុង Turin រួមជាមួយការឈ្នះពានរង្វាន់ Coppa Italia ចំនួន 5 ដង។
គាត់បានចូលរួមជាមួយ LAFC ក្នុងខែមិថុនា ឆ្នាំ 2022 ហើយបានឈ្នះពានរង្វាន់ MLS Cup ភ្លាមៗបន្ទាប់ពីការមកដល់របស់គាត់ អរគុណចំពោះជ័យជម្នះលើ Philadelphia Union លើការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។
គួរបញ្ជាក់ផងដែរ Chiellini ក៏បានបង្ហាញខ្លួន 117 ប្រកួតឱ្យអ៊ីតាលី និងបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពាន Euro 2020។
គាត់បានបង្ហោះលើបណ្ដាញសង្គមថា៖ «បាល់ទាត់គឺជាដំណើរជីវិតដ៏អស្ចារ្យបំផុតរបស់ខ្ញុំ។ វាគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ។ ខ្ញុំបានធ្វើដំណើរតាមផ្លូវតែមួយគត់ និងជាផ្លូវមួយដែលមិនអាចបំភ្លេចបាន។ ប៉ុន្តែឥឡូវនេះ វាដល់ពេលហើយ ដល់ពេលដែលយើងបញ្ចប់ ដើម្បីចាប់ផ្តើមជំពូកថ្មី ប្រឈមមុខនឹងបញ្ហាប្រឈមថ្មី»។
សហប្រធាន Los Angeles FC និងជាអ្នកគ្រប់គ្រងទូទៅលោក John Thorrington បាននិយាយថា៖ «ជាដំបូង យើងសូមអបអរសាទរដល់ Giorgio ចំពោះអាជីពជាកំពូលខ្សែការពារបស់គាត់។ យើងពិតជាដឹងគុណចំពោះ Giorgio ដែលបានជ្រើសរើសចំណាយពេល 18 ខែចុងក្រោយនៃអាជីពជាមួយ Los Angeles FC។ Giorgio គឺជាខ្សែការពារដ៏ល្អបំផុតនៃជំនាន់របស់គាត់។ Giorgio បានធ្វើលើសពីការរំពឹងទុកដែលមិនគួរឱ្យជឿទាំងក្នុង និងក្រៅទីលាន។ ភាពជាអ្នកដឹកនាំ វិជ្ជាជីវៈ និងចរិតលក្ខណៈរបស់គាត់ នឹងបន្សល់ទុកនូវក្តេរឺ៍ឈ្មោះដ៏យូរអង្វែងនៅ LAFC ហើយយើងជឿជាក់ថាទំនាក់ទំនងរបស់យើងជាមួយ Giorgio នឹងបន្ត»។
សម្រាប់ Juventus ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា៖ «អគុណដែលធ្វើសម្រាប់ Juventus អស់រយៈពេល 17 រដូវកាល , Giorgio Chiellini។ គាត់ជាខ្សែការពារដែលឆ្នើមម្នាក់សម្រាប់ពួកយើង។ ថ្ងៃនេះជាថ្ងៃដែលអ្នកបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់ យើងជូនពរអ្នកឱ្យសំណាងល្អ»៕