នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco ហាក់ដូចជាមិនសប្បាយចិត្តក្រោមកាដឹកនាំរបស់ Xavi បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល 4-2 ទល់នឹង Girona ។
លទ្ធផលនោះបាននាំក្រុម Girona ឡើងទៅកាន់កំពូលតារាង La Liga ម្ដងទៀត ហើយក្រុម Real Madrid ធ្លាក់មកលេខ ២។ ចំណែកក្រុម Atletico Madrid ឈរនៅលេខ ៣ និង Barcelona ឈរនៅលេខ ៤ តាមពីក្រោមក្រុមកំពូងតារាង ៧ ពិន្ទុ។
Deco បាននិយាយទៅកាន់ DAZN ថា៖ «យើងលេងមិនបានល្អទេ។ តែយើងមិនត្រូវបង្ខំពេកទេ។ ខ្ញុំគិតថាយើងចាប់ផ្តើមបានល្អ។ ប៉ុន្តែយើងមិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីឈ្នះការប្រកួតនោះទេ។ ពួកគេដឹងពីអ្វីដែលពួកគេកំពុងមាន ហើយពួកគេមានគុណភាពល្អ។ ខ្ញុំបានឃើញការព្យាយាមកីឡាកររបស់យើង ប៉ុន្តែយើងធ្វើមិនបានល្អ»។
ទោះបីជា Xavi ពិតជាបានយល់ស្របតាមការលើកឡើងថា Barcelona ពិតជាមិនមានកម្លាំងគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែគាត់ក៏មានសម្លេងអវិជ្ជមាននៅក្នុងការវាយតម្លៃផងដែរ។
គ្រូបង្វឹករូបនេះបានពន្យល់ថា៖ «វាមិនមែនជាការប្រកួតអាក្រក់សម្រាប់ Barca ទេ។ កាលពីឆ្នាំមុន ពួកយើងក៏ជួបបញ្ហាដែរ ប៉ុន្តែយើងបានឈ្នះពានពីរ។ នេះគឺជា Barca។ យើងបានដើរថយក្រោយមួយជំហាន ដើម្បីឈានទៅមុខពីរជំហាន។ យើងសមនឹងធ្វើបានល្អជាងនេះ ប៉ុន្តែនោះគឺជាបាល់ទាត់។ នៅពេលដែលអ្នកមិនមានកម្លាំងខ្លាំងក្នុងការការពារ អ្នកនឹងទទួលបានការវាយប្រហារដ៏ខ្លាំងមួយពីគូប្រកួត។ Girona ជាក្រុមដ៏អស្ចារ្យនៅពេលបច្ចប្បន្ន។ ការខ្វះកម្លាំងនោះ វាធ្វើឱ្យយើងបរាជ័យយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែយើងត្រូវក្រោកឡើង»៕