អបអរសាទរ Cristiano Ronaldo ដែល​សម្រេច​បានការ​បង្ហាញខ្លួន​នៅ​លើ​ទីលាន​ចំនួន 1,200 ប្រកួត​ក្នុង​អាជីព

0

កីឡាករ Cristiano Ronaldo បាន​អបអរ​ជាមួយ​ការ​បង្ហាញខ្លួន​នៅ​លើ​ទីលាន​ចំនួន 1,200 ប្រកួត​ក្នុង​អាជីព​របស់​គាត់ ។

Ronaldo បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ជួយ​គាត់​ឱ្យ​ឈាន​ដល់​ចំណុច​ដ៏​អស្ចារ្យ ហើយ​គាត់​បាន​បន្ថែម​ថា​គាត់​មិន​បញ្ចប់​ត្រឹមនេះ​ទេ​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​របស់ Saudi Pro League ជាមួយនឹង 16 គ្រាប់​ក្នុង​15 ប្រកួត​នៅ​រដូវ​កាល​នេះ​។

ដោយ​អតីត​អ្នកចាំទី​ជម្រើសជាតិ​អង់គ្លេស Peter Shilton ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ម្ចាស់​កំណត់​ត្រា សម្រាប់​ការ​បង្ហាញខ្លួន​ច្រើន​ក្នុង​អាជីព ដែល​មានការ​ប្រកួតប្រជែង​ចំនួន 1,387 ប្រកួត​មុន​ន​ចូល​និវត្តន៍ ។

Saudi Pro League បាន​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា Ronaldo បាន​ឈាន​ដល់​ចំណុច​ដ៏​អស្ចារ្យ ហើយ​ក្រោយមក Ronaldo បាន​បង្ហោះ​នៅ​លើ Instagram ថា «​បី​ពិន្ទុ​ទៀត​ហើយ​! រ​គុណ​មិត្ត​រួម​ក្រុម​ទាំងអស់​ដែល​បាន​ជួយ​ខ្ញុំ ឱ្យ​ឈាន​ដល់​ការ​ប្រកួត​លើក​ទី 1,200 ក្នុង​អាជីព​របស់ខ្ញុំ ។ ប៉ុន្តែ​ពួក​យើង​មិន​បញ្ចប់​ត្រឹមនេះ​ទេ​»​។

Ronaldo ក៏​បាន​កត់ត្រា​ការ​បង្ហាញខ្លួន​ជា​លើក​ទី 1,000 របស់​គាត់​នៅ​ក្នុង​ខែកុម្ភៈ 2020 ដោយ​ស៊ុត​បញ្ចូល​ទី​ឱ្យ Juventus ក្នុង​ក្របខ័ណ្ឌ Serie A​។ ក្នុង​ខែមិថុនា គាត់​បាន​ក្លាយជា​កីឡាករ​បុរស​ដំបូង​គេ ដែល​បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ចំនួន 200 ប្រកួត​ពេល​គាត់​បង្ហាញខ្លួន​ឱ្យ​ព័រ​ទុ​យ​ហ្គា​ល់​ទល់​នឹង​អ៊ី​ស្លង់ ហើយ​គាត់​ក៏​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ជាមួយ​ក្រុម​ជម្រើសជាតិ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 128 គ្រាប់​។

គួរ​បញ្ជាក់​ផង​ដែរ គាត់​បាន​បង្ហាញខ្លួន​ជាមួយ Sporting ចំនួន 31 ប្រកួត ,​ជាមួយ Manchester United ចំនួន 346 ប្រកួត ,​ជាមួយ Real Madrid ចំនួន 438 ប្រកួត ,​ជាមួយ Juventus ចំនួន 134 ប្រកួត ,​ជាមួយ Al Nassr ចំនួន 46 ប្រកួត និង​ជាមួយ​ក្រុម​ជម្រើសជាតិ Portugal ចំនួន 205 ប្រកួត​៕