នាយក​ផ្នែក​កីឡា Arsenal បាន​លើក​ឡើង​ថា Real Madrid ជា​ក្លឹ​ប​ខ្វះ​ការ​អត់ធ្មត់

0

នាយក​ផ្នែក​កីឡា​របស់​ក្លឹ​ប Arsenal លោក Edu Gaspar បាន​លើក​ឡើង​ថា Real Madrid ខ្វះ​ការ​អត់ធ្មត់​លើ​កីឡាករ Martin Odegaard ជា​កីឡាករ​ដែល​បាន​រីក​ចម្រើន ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​។

កីឡាករ Odegaard បាន​បង្ហាញខ្លួន​ក្នុង​ក្រុម​ដំបូង​ត្រឹមតែ 11 ដង​ប៉ុណ្ណោះ​សម្រាប់​ក្រុម Madrid ហើយ​បាន​ចំណាយពេល​ជាង 6 ឆ្នាំ​របស់​គាត់​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​ក្លឹ​ប​ជា​ច្រើន​។ ហើយ Arsenal បាន​ខ្ចី​ជើង​តារា​សញ្ជាតិ​ន័​រវេ​ស​ក្នុង​ខែមករា​ឆ្នាំ 2021 ហើយ​បាន​ផ្ដល់​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​សម្រាប់​តម្លៃ 30 លាន​ផោន​។

គាត់​បាន​ក្លាយជា​ប្រធាន​ក្រុម​នៅ​រដូវក្ដៅ​ឆ្នាំ 2022 ដែល​មាន​អាយុ​ទើបតែ 23 ឆ្នាំ ហើយ​បាន​ក្លាយជា​ផ្នែក​សំខាន់​នៃ​ការ​ងើបឡើង​វិញ​របស់ Arsenal ក្នុង​នាម​ជា​កម្លាំង​ពិតប្រាកដ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ។

Edu ដែល​មាន​តួនាទី​មើល​ការ​ខុស​ត្រូវ​លើ​ប្រតិបត្តិការ​កីឡាបាល់ទាត់ បាន​ប្រាប់ Marca ថា​៖ «​មាន​កីឡាករ​ដែល​ធ្វើការ​បាន​ល្អ​ក្នុង​ក្រុម​មួយ និង​ក្រុម​ផ្សេង​ទៀត​ធ្វើ​មិន​បាន​ល្អ​។ វា​អាស្រ័យ​លើ​ឱកាសល្អ និង​ការ​អត់ធ្មត់​។ យុទ្ធសាស្ត្រ​របស់​យើង​គឺ​ចុះហត្ថលេខា​លើ​កីឡាករ​វ័យក្មេង ហើយ​គាត់​សមជា​មួយ​ទម្រង់​របស់​យើង​។ យើង​បាន​តាមដាន​លើ Martin ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ប្រហែលជា​យើង​មានការ​អត់ធ្មត់​ដែល​អ្នក​ដទៃ​មិន​មាន​។ ឥឡូវនេះ គាត់​គឺជា​ប្រធាន​ក្រុម​របស់​យើង ដែល​យើង​មិន​អាច​ខ្វះ​បាន​»​។

Real Madrid បាន​ប្រជែង​យកឈ្នះ​ក្លឹ​ប​ធំ​ៗ​ជា​ច្រើន​នៅ​អឺរ៉ុប​ក្នុង​ខែមករា ឆ្នាំ 2015 នៅ​ពេល​ដែល Odegaard ទើបតែ​មាន​អាយុ 16 ឆ្នាំ ក្នុង​នោះ​រួម​មាន​ក្លឹ​ប Manchester United, Manchester City, Liverpool, Juventus និង Bayern Munich៕