ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុម Inter Miami កីឡាករ Lionel Messi បានជាប់ជាអត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Time ។
Messi បានចូលរួមជាមួយ Miami ក្នុងខែកក្កដា សម្រាប់ការបង្ហាញខ្លួន 14 ប្រកួតគាត់ស៊ុតបញ្ចូលទីបាន 11 គ្រាប់ ហើយបានជួយពួកគេអោយលើកពាន Leagues Cup ដែលជាពានរង្វាន់ដំបូងគេមិនធ្លាប់ទទួលបានរបស់ពួកគេ។ កីឡាករវ័យ 36 ឆ្នាំរូបនេះក៏បានឈ្នះ Ballon d’Or ជាលើកទីប្រាំបីនៅក្នុងខែតុលា។
ក្នុងការទស្សវត្តី Time បានសរសេរថា៖ «Lionel Messi នៅឆ្នាំនេះគាត់ធ្វើរឿងដែលមិនគួរឲ្យជឿ នៅពេលដែលគាត់បានចុះហត្ថលេខាជាមួយ Inter Miami គាត់បានប្រែក្លាយកីឡាបាល់ទាត់នៅក្នុងសហរដ្ឋអាមេរិកអោយទទួលបានការគាំទ្រខ្លាំង។ Messi គឺជាអ្នកបដិវត្តន៍កីឡាដ៏ធំនៅអាមេរិក»។
ទស្សនាវដ្ដីមួយនេះបានសរសេរថា ការមកដល់របស់ Messi បានជំរុញឱ្យមានការកើនឡើងនៃអ្នកចូលរួម តម្លៃសំបុត្រ ការលក់ទំនិញ និងការមើលការប្រកួត MLS ។
ខ្សែប្រយុទ្ធរូបនេះបានជាប់ឈ្មោះជាតារាបាល់ទាត់ឆ្នើម ជាមួយកីឡាករកាយសម្ព័ន្ធឆ្នើម Simone Biles កីឡាករហែលទឹកឆ្នើម Michael Phelps និងកីឡាករបាល់បោះឆ្នើម LeBron James ។
បន្ទាប់ពីចាកចេញពីក្លឹប Paris St-Germain នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ Messi បាននិយាយថា ចិត្តរបស់គាត់គឺចង់វិលត្រឡប់ទៅកាន់ក្លឹបកាលពីក្មេង Barcelona ប៉ុន្តែការផ្លាស់ប្តូរនោះមិនបានសម្រេចឡើយ។
គាត់បានប្រាប់ Time ថា៖ «ជម្រើសដំបូងរបស់ខ្ញុំ គឺខ្ញុំចង់ត្រលប់ទៅ Barcelona វិញ ខ្ញុំបានព្យាយាមចរចាជាមួយពួកគេហើយ ប៉ុន្តែវាមិនអាចទៅរួចទេ។ វាជាការពិតដែលក្រោយមកខ្ញុំបានគិតច្រើនអំពីការទៅលីគអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសដែលខ្ញុំស្គាល់ ហើយពួកគេបានបង្កើតការប្រកួតប្រជែងដ៏មានឥទ្ធិពល ដែលអាចក្លាយជាលីកដ៏សំខាន់មួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ»៕