បរទេស៖ បិសាចក្រហមបានអនុញ្ញាតអោយកីឡាករវ័យ ២២ឆ្នាំចាកចេញពី Old Trafford កាលពីចុងទីផ្សារដោះដូរនារដូវក្តៅកន្លងមក។ ការខ្ចីជើងរយៈពេល ៦ខែរបស់គាត់ទៅកាន់ក្រុម Getafe ត្រូវបានធ្វើឡើង ហើយអាចមើលឃើញថាគាត់នឹងបន្តស្នាក់នៅទីនោះពេញមួយរដូវកាល ២០២៣-២៤តែម្តង។ កីឡាករ Greenwood បានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅក្លឹប Getafe ហើយក៏បានបង្កើតនៅកំណត់ត្រាស៊ុតបញ្ចូលទីក្នុងការប្រកួតជាមួយនឹងក្លឹប Almeria ក្នុងក្របខណ្ឌ La Liga ដែលជាកំណត់ត្រាមួយក្នុងចំណោម ៤ដែលបានបង្កើតឡើងនៅក្នុងរដូវកាលនេះ។
គាត់នៅមានកុងត្រាជាមួយនឹងក្លឹប Manchester United រហូតដល់ឆ្នាំ២០២៥ ប៉ុន្តែគាត់មិនត្រូវបានជ្រើសរើសដោយក្លឹប United ចាប់តាំងពីខែមករា ឆ្នាំ២០២២ ដោយសារតែគាត់បានពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទសង្ស័យប៉ុនប៉ងរំលោភ អាកប្បកិរិយាបង្ខិតបង្ខំ និងការរំលោភ។ ការចោទប្រកាន់ទាំងនោះ ត្រូវបានទម្លាក់ចោលវិញពីសំណាក់ Crown Prosecution Service កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
លោក Sir Jim Ratcliffe ត្រៀមក្នុងការទិញយកភាគហ៊ុន ២៥ភាគរយៈ របស់ក្លឹបបិសាចក្រហម ហើយគាត់នឹងធ្វើការផ្លាស់ប្តូរផ្នែកខ្លះសម្រាប់ក្លឹប។ បញ្ហារបស់ Greenwood ក៏ជាផ្នែកមួយនៃការធ្វើការពិចារណាផងដែរ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា “ការមកដល់នៃសហម្ចាស់ថ្មី លោក Sir Jim Ratcliffe នឹងធ្វើការពិភាក្សាផ្ទៃក្នុងទៅលើបញ្ហារបស់ Greenwood ហើយនេះជាអ្វីដែលត្រូវបានបញ្ជាក់ ដោយសារតែក្លឹបមិនបានធ្វើការសម្រេចចិត្តអ្វីទាំងអស់ និងមិនមានការសម្រេចចិត្តសម្រាប់ខែធ្នូនេះទេ។ ដូច្នេះសម្រាប់គំនិតរបស់ខ្ញុំ គួរតែទុកពេលអោយគាត់ និងអនុញ្ញាតអោយ Greenwood បានលេង។ ហើយអាស្រ័យទៅលើទម្រង់របស់គាត់នៅក្លឹប Getafe ខាងក្លឹប Man Utd នឹងធ្វើការពិភាក្សាអំពីរូបគាត់។ ដែលការសម្រេចចិត្តនេះ នឹងធ្វើឡើងនៅចន្លោះខែមីនា, មេសា ឫក៏ឧសភា។ វាមានកត្តាលំបាកជាច្រើន ក្នុងការធ្វើការសម្រេចចិត្ត ហើយស្របពេលជាមួយនឹងការមកចូលរួមនៃខណៈគ្រប់គ្រង់ថ្មី ក៏អាចមាន CEO ថ្មី និងមនុស្សថ្មីមកធ្វើការទៅលើការទីញដូរកីឡាករ ដែលមានន័យថាពួកគេនឹងធ្វើការទទួលខុសត្រូវលើការសម្រេចចិត្តក្នុងការដោះដូរកីឡាករ”។
កីឡាករ Greenwood ចាប់ផ្តើមានអារម្មណ៍ល្អនៅក្នុងទឹកដីអេស្ប៉ា ជាមួយនឹងការទទួលយកនៅភាសាថ្មី និងវប្បធម៌ថ្មី៕