បរទេស៖ កីឡាករ Toney បានឈានដល់សប្តាហ៍ចុងក្រោយនៃខែទី៨ ក្នុងការហាមប្រាមពីការប្រកួតបាល់ ក្រោយពាក់ព័ន្ធនឹងច្បាប់ភ្នាល់ល្បែងរបស់ FA។ គាត់អាចនឹងបង្ហាញខ្លួនអោយក្លឹបឃ្មុំជាថ្មីម្តងទៀតនៅថ្ងៃទី១៨ ខែមករា ឫក៏គាត់អាចផ្ទេរចេញមុននេះ ស្របពេលដែលក្លឹប Arsenal និង Chelsea បញ្ជាក់អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកគាត់នៅទីផ្សារដោះដូរនារដូវរងា។

នេះបើយោងតាមការចេញផ្សាយរបស់ The Evening Standard បានអោយដឹងថាអ្នកចាត់ការក្លឹប Brentford លោក Frank បានបញ្ជាក់អំពីអនាគតរបស់ខ្សែប្រយុទ្ធខ្លួននៅក្នុងបទសម្ភាស៍មួយថា គាត់គិតថាក្លឹបនឹងមិនលក់ Toney នោះទេ។ គាត់បាននិយាយថា “អ្នកគ្រប់គ្នាបានឃើញនៅអ្វីដែលគាត់បានបង្ហាញកាលពីឆ្នាំមុន។ វាមិនដូចជាជើងរបស់គាត់បាក់ ឫក៏របួស ACL នោះទេ ដូច្នេះគាត់ពិតជាមានមហិច្ឆិតាក្នុងការទទួលភាពជោគជ័យ។ ខ្ញុំបានបញ្ចុះបញ្ចូលគាត់ចំពោះរឿងនេះ។ ខ្ញុំមិនចង់បាត់បង់គាត់នោះទេ។ ខ្ញុំសង្ឃឹម និងគិតថា គាត់នឹងនៅតែជាកីឡាកររបស់ក្លឹប Brentford នៅថ្ងៃទី១ ខែកុម្ភៈ”។
កីឡាករ Toney បានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅរដូវកាល ២០២២-២២៣ មុននឹងគាត់ត្រូវទទួលរងការពិន័យ ជាមួយនឹងការស៊ុតបញ្ចូលទី ២០គ្រាប់នៅ Premier League។ ហើយក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី៣នៅអង់គ្លេសបន្ទាប់ពីកីឡាករ Erling Haaland របស់ Manchester City និង Harry Kane របស់ Tottenham។ ក្នុងនោះ ត្រូវបានគេជឿជាក់ថាក្លឹបឃ្មុំត្រូវការយ៉ាងតិច ៨០លានផោន សម្រាប់ទ្រព្យសម្បត្តិរបស់ក្លឹបមួយនេះសម្រាប់ខែមករា។ ហើយបើយោងតាមការចេញផ្សាយពីប្រភពខ្លះទៀតបានអោយដឹងថា ក្លឹប Brentford ត្រូវការប្រមាណ ១០០លានផោន។

ក្លឹប Arsenal ចាប់អារម្មណ៍ទៅលើកីឡាករ Toney ជាយូរមកហើយ ស្របពេលដែលខ្សែប្រយុទ្ធ Gabriel Jesus មិនសូវបានលេងធ្វើអោយមានពាក្យចចាមអារាមថា Toney នឹងមកជំនួសកន្លែងគាត់ក្នុងជម្រើស ១១នាក់ដំបូង។ ស្ថិតក្នុងពេលដំណាល់គ្នានេះ ក្លឹប Chelsea កំពុងតែជួបបញ្ហាក្នុងការស្វែងរកគ្រាប់បាល់នារដូវកាលនេះ ធ្វើអោយក្លឹបចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះដូចគ្នា។ ការចុះហត្ថលេខាយក Christopher Nkunku នៅរដូវក្តៅនេះ គឺមិនទាន់អាចជួយអ្វីបាននោះទេ ដោយសារតែគាត់ជួបបញ្ហារបួស ស្របពេលដែលកីឡាករ Nicolas Jackson មិនទាន់សម្របខ្លួនទៅនឹងការលេងនៅ Premier League។
ពួកយើងគិតថាការផ្ទេរកីឡាករនៅខែមករានេះ គឺពិតជាកាន់តែអស្ចារ្យ។ ខាងក្លឹប Brentford ក៏មិនអស់សង្ឃឹមក្នុងការរក្សាទុក Toney ផងដែរ។ ហើយគាត់នៅសល់កុងត្រាជាមួយនឹងក្លឹបដល់ចុងរដូវកាល ២០២៤-២៥ដូចគ្នា៕