Erik Ten Hag ខកចិត្ត​ចំពោះ​តំបន់​ការពារ

0

កីឡាករ Bruno Fernandes ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​ពេញចិត្ត​ចំពោះ​ការ​អបអរសាទរ​របស់​កីឡាករ Alejandro Garnacho បន្ទាប់​ពី​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​លើ​ក្រុម Galatasaray កាលពី​យប់​ថ្ងៃ​ពុធ​។

តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់ Garnacho នៅ​នាទី​ទី 11 ដោយ​ការ​បញ្ជូន​បាល់​ពី Bruno ហើយ Garnacho បាន​ធ្វើការ​អបអរ​ដោយ​ដាក់​ម្រាមដៃ​ទៅ​លើ​បបូរមាត់​របស់​គាត់ ដើម្បី​បញ្ជាក់​ប្រាប់​អោយ​អ្នកគាំទ្រ​បិទ​មាត់ ប៉ុន្តែ​កាយវិការ​នោះ​ត្រូវ​បាន Fernandes បញ្ឈប់​។

Fernandes ត្រូវ​បាន​គេ​មើលឃើញ​ថា​ព្យាយាម​ទាញ​ដៃ Garnacho ចេញពី​មាត់ មុន​ពេល​គាត់ និង​កីឡាករ​ផ្សេង​ទៀត​លើកដៃ​សុំ​ទោស​ទៅ​កាន់​អ្នកគាំទ្រ​។

Fernandes បាន​ទម្លាក់​ចោល​នូវ​បញ្ហា​នោះ ហើយ​បាន​បង្កើន​ការ​នាំមុខ​គ្រាប់​បាល់​ទី ២ ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ ក្រោយ​ទទួល​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី Luke Shaw​។ 90 នាទី​ពេញ​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ក្នុង​លទ្ធផល 3-3​។

សម្រាប់​លទ្ធផល​ស្មើ​រលោក Erik Ten Hag បាន​បញ្ចេញ​ប្រតិកម្ម​ខកចិត្ត​ដោយ​និយាយ​ថា​៖ «​យើង​គួរតែ​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នេះ​។ យើង​គួរតែ​ទទួល​បាន​បី​ពិន្ទុ​។ យើង​បាន​សម្រុក​ច្រើន​ទៅ​លើ​គូប្រកួត​។ យើង​នឹង​ធ្វើ​អោយ​បាន​ល្អ​បែប​នេះ​នៅ​ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត​។ ខ្ញុំ​ពេញចិត្ត​នឹង​របៀប​ដែល​យើង​លេង ប៉ុន្តែ​សម្រាប់​ពេល​នេះ ខ្ញុំ​ត្រូវ​តែ​រិះគន់​ចំពោះ​តំបន់​ការពារ ដែល​ធ្វើ​មិន​បាន​ល្អ​គ្រប់គ្រាន់​។ ទោះជា​យ៉ាងណា ខ្ញុំ​រីករាយ​ណាស់ ព្រោះ​យើង​បាន​បង្កើត​ឱកាស​ជា​ច្រើន​»៕