នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បាននិយាយពីការជំនួសកីឡាករ Gavi ដែលរងរបួសក្នុងការប្រកួតអោយក្រុមជម្រើសជាតិ ហើយបានបដិសេធការនាំយកខ្សែបម្រើថ្មីនៅក្នុងខែមករា។
រដូវកាល 2023/24 របស់ Gavi ទំនងជាត្រូវបញ្ចប់ហើយ បន្ទាប់ពីគាត់បានរហែកសសៃ ACL កំឡុងពេលអេស្ប៉ាញឈ្នះ 3-1 លើក្រុម Georgia ក្នុងវគ្គជម្រុះ Euro 2024 កាលពីថ្ងៃអាទិត្យ។
របាយការណ៍បានអះអាងថា អេស្ប៉ាញស្ទាក់ស្ទើរក្នុងការកោះហៅ Gavi ម្តងទៀតសម្រាប់ការប្រកួត Euro 2024 បន្ទាប់ពី Barcelona ខឹងសម្បារដែលដាក់អោយ Gavi លេងច្រើនពេក។
ជាមួយនឹង Gavi ឥឡូវនេះកំពុងសម្រាកព្យាបាលរបួស ហើយក្រុម Barcelona ត្រូវបានគេរំពឹងថានឹងព្យាយាមនាំយកកីឡាករចំណូលថ្មី មកជំនួសបណ្តោះអាសន្នក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា ជាមួយនឹង Thiago Alcantara របស់ Liverpool និង Giovani Lo Celso របស់ Tottenham Hotspur ។
និយាយទៅកាន់ EFE លោក Deco បានលើកឡើងថា មិនមានគម្រោងដើម្បីជំនួស Gavi ជាមួយនឹងការចុះហត្ថលេខាថ្មីនោះទេ។
Deco បាននិយាយថា៖ «សព្វថ្ងៃនេះ Gavi គឺជាកីឡាករដែលគ្មានអ្នកណាជំនួសបាន។ មិនមានកីឡាករណាដែលមាននៅលើទីផ្សារ ដើម្បីបំពេញតួនាទីរបស់គាត់ ទាំងចិត្តគំនិត និងសមត្ថភាព។ ការពិភាក្សាអំពីការជំនួស Gavi គឺជាកំហុសមួយ ដែលគិតថាយើងនឹងរកកីឡាករមកជំនួសគាត់ ហើយយើងនឹងស្វែងរកដំណោះស្រាយផ្សេង ដែលមិនមែននាំយកកីឡាករថ្មីទេ ។ វាជារឿងសោកសៅសម្រាប់គាត់ សម្រាប់ពួកយើង ប៉ុន្តែយើងនឹងមិនអាចរកអ្នកជំនួសគាត់បានទេ»។
«ពួកយើងពិតជាសោកស្ដាយខ្លាំងណាស់ ប៉ុន្តែខ្ញុំប្រាកដថា គាត់នឹងត្រលប់មកវិញនូវភាពរឹងមាំ គាត់នឹងជាសះស្បើយ។ គាត់គឺជាក្មេងម្នាក់ដែលមានភាពរឹងមាំមិនគួរឱ្យជឿ ហើយអ្វីដែលយើងនឹងធ្វើ គឺជួយគាត់ឱ្យត្រលប់មករឹងមាំឡើងវិញ ដោយចំណាយពេលត្រឹមរយៈពេលខ្លីតាមដែលអាចធ្វើទៅបាន»។
Barcelona នឹងប្រកួតជាមួយ Rayo Vallecano ក្នុងក្របខណ្ឌ Laliga ដោយគ្មាន GavI ។ ក្នុងការអវត្តមានរបស់ Gavi ក្រុម Barca ទំនងជាអាចដាក់ Pedri និង Frenkie de Jong៕