អ្នកចាំទី Andre Onana នឹងត្រលប់ទៅ Manchester United វិញ ហើយគាត់ត្រូវពិនិត្យបន្ថែមពីរបួសដែលគាត់ជួបក្នុងពេលលេងឱ្យកាមេរូនក្នុងវគ្គជម្រុះ World Cup ។
កីឡាករវ័យ 27 ឆ្នាំត្រូវបានប្តូរចេញនៅនាទីទី 81 សម្រាប់ជ័យជម្នះ 3-0 កាលពីថ្ងៃសុក្រលើប្រទេស Mauritius ក្នុងទីក្រុង Douala ដោយបញ្ហារបួស។ អ្នកចាំទីរូបនេះបានដកខ្លួនចេញពីក្រុមកាមេរូន សម្រាប់ការប្រកួតនៅថ្ងៃអង្គារជាមួយលីប៊ី។ មន្ត្រីក្រុមជម្រើសជាតិកាមេរូន មិនបានផ្តល់ព័ត៌មានលម្អិតអំពីបញ្ហារបួសនោះទេ។
Onana ដែលបានចុះហត្ថលេខាពីក្លឹប Inter Milan ទៅ Man utd ក្នុងតម្លៃ 47.2 លានផោនក្នុងខែកក្កដា ហើយបានបង្ហាញខ្លួនចំនួន 18 ប្រកួតក្នុងរដូវកាលនេះ។
អ្នកចាត់ការទូទៅរបស់ Man United លោក Erik ten Hag កំពុងប្រឈមមុខនឹងបញ្ហារបួសកីឡាករជាច្រើនរូប ខណៈដែលក្រុមរបស់លោកត្រៀមវិលត្រលប់ពីការសម្រាកអន្តរជាតិ ជាមួយនឹងការប្រកួតក្នុងក្របខ័ណ្ឌ Premier League ទល់នឹងក្រុម Everton នៅថ្ងៃទី 26 ខែវិច្ឆិកា និងការប្រកួតក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Galatasaray បីថ្ងៃក្រោយមក។
គួបញ្ជាក់ផងដែរ Lisandro Martinez មានរបួសជើង, Casemiro មានរបួសភ្លៅ និង Christian Eriksen មានរបួសជង្គង់ កីឡាករទាំង ៣ រូបត្រូវអវត្តមាន ខណៈ Luke Shaw មានបញ្ហាសាច់ដុំ, Jonny Evans មានរបួសភ្លៅ, Tyrell Malacia មានរបួសជង្គង់, Aaron Wan-Bissaka មានបញ្ហាសុខភាព និង Rasmus Hojlund មានរបួសភ្លៅ ពួកគេមិនទាន់ច្បាស់នោះទេ ថាត្រូវបានលេងឬអត់ទេ៕