អតីតមិត្តរួមក្រុម John Obi Mikel អះអាងថា Eden Hazard ត្រូវបានផ្តល់ជូនកិច្ចសន្យា 50 លានផោន ដើម្បីលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត មុនពេលជ្រើសរើសចូលនិវត្តន៍។
អាជីពរបស់កីឡាករសញ្ជាតិបែលហ្ស៊ិកហាក់ត្រូវបានបញ្ចប់បន្ទាប់ពីចាកចេញពី Chelsea ក្នុងឆ្នាំ 2019 ហើយគាត់បានស៊ូទ្រាំនឹងបញ្ហារបួសជាច្រើនឆ្នាំជាមួយក្រុម Real Madrid ដែលនៅទីបំផុតបានធ្វើឱ្យគាត់សម្រេចចិត្តព្យួរស្បែកជើងរបស់គាត់ ប៉ុន្តែមុនពេលគាត់ចូលនិវត្តន៍ គាត់ក៏ទទួលបានការផ្តល់ជូនពីក្លឹបនៅមជ្ឈឹមបូព៌ា។
Mikel បាននិយាយនៅក្នុង YouTube show ថា៖ «ខ្ញុំបានសួរ Hazard ថាតើគាត់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់ទទួលបានប្រាក់ឈ្នួលចំនួនមួយលានក្នុងមួយសប្តាហ៍ ដែរឬទេ ? ហើយគាត់បាននិយាយថា ខ្ញុំមិនចង់បានលុយច្រើនពេកទេ។ ឥឡូវនេះខ្ញុំមានលុយគ្រប់គ្រាន់ ដើម្បីរស់នៅជាមួយក្រុមគ្រួសារ និងចិញ្ចឹមកូនរបស់ខ្ញុំហើយ»៕