ឯកឧត្តម វ៉ាត់ ចំរើន ៖ គុនខ្មែរពិភពលោក ឆ្នាំ២០២៣ នឹងរៀបចំនៅទឹកដី នៃតឹកតាងប្រវត្តិសាស្ត្រគុនខ្មែរ ដើម្បីពង្រីកវិសាលភាពទៅកាន់ពិភពលោក

0

ភ្នំពេញ៖ ការប្រកួត «គុនខ្មែរពិភពលោក» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៣នេះ នឹងធ្វើឡើងនៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយខេត្តនេះនឹងផ្តល់ភាពរីករាយ សម្រាប់ប្រតិភូកីឡាបណ្តាប្រទេសនានា ហើយក៏ជាទឹកដីតឹកតាងនៃកំណើតគុនខ្មែរ ដើម្បីពង្រីកវិសាលភាពឱកាន់តែធំទូលាយទៅកាន់ពិភពលោក។

នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ កាលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«ពេលនេះ មាន១២ប្រទេសហើយបានចុះឈ្មោះចូលរួមប្រកួតគុនខ្មែរពិភពលោក ក្នុងនោះមានទាំងប្រទេសតំបន់អឺរ៉ុប អាស៊ី និងអាស៊ាន ដូចជា រុស្ស៊ី អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី និងប្រទេសជាតិខាងជាដើម។ ការប្រកួតប្រដាល់គុនខ្មែរនេះ គឺជាការប្រកួតកម្រិតកីឡា មិនមែនប្រកួតលក្ខណៈអាជីព ឬស្វែងរកប្រាក់កម្រៃអ្វីនោះទេ ពោលគឺប្រកួតមានការដាក់ពិន្ទុ ដែលម្ចាស់ក្បាច់គុនកម្ពុជាបានដាក់បទបញ្ជាជាផ្លូវការ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាកន្លងទៅ»។

បន្ថែមពីលើនេះ អ្នកជំនាញកីឡារូបនេះបន្ថែមថា ការយកខេត្តសៀមរាប ជាកន្លែងរៀបចំការប្រកួត «គុនខ្មែរពិភពលោក» គឺដោយសារបណ្តាប្រទេសនានាបានសំណូមពរ ហើយបើរៀបចំនៅខេត្តសៀមរាប ពួកគេសប្បាយចិត្ត និងបានចូលរួមទស្សនាប្រាសាទអង្គរវត្តផងដែរ ហើយខេត្តសៀមរាប ក៏ជាទីតាំងកកើតនៃតឹកតាងប្រវត្តិសាស្ត្រនៃគុនខ្មែរផងដែរ។

 

ជាមួយនឹងការរៀបចំឆ្នាំ២០២៣ នេះ ឯកឧត្តម វ៉ាត់ ចំរើន ដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ថានឹងធ្វើឱ្យទាក់ទាញខ្លាំង ពីបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសគឺក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុនផងនោះ កម្ពុជានឹងបង្កើនការរិតចំណងសាមគ្គីភាព មិត្តភាពជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលជាសមាជិកគុនខ្មែរ ខណៈបច្ចុប្បន្ននេះ គុនខ្មែរមានសមាជិក ក្នុងចន្លោះពីជាង ៦០ប្រទេស។ ក្នុងចំនួនប្រទេសទាំងនេះ គឺមានប្រទេសខ្លះនឹងចូលរួម និងប្រទេសខ្លះទៀតមិនបានចូលរួមប្រកួតគុនខ្មែរពិភពលោកនោះទេ។

 

«កម្ពុជានឹងត្រៀមរៀបចំកិច្ចប្រជុំគុនខ្មែរពិភពលោក ក្នុងអំឡុងពេលប្រកួតនេះ (ថ្ងៃ២៦-២៧-២៨ វិច្ឆិកា ឆ្នាំ២០២៣) ដោយប្រទេសខ្លះនឹងចូលរួម ហើយប្រទេសខ្លះទៀតចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ បន្ថែមពីលើនេះ កម្ពុជានឹងត្រៀមរៀបចំកិច្ចប្រជុំធំមួយទៀត នាឆ្នាំ២០២៤ ខាងមុខ គឺមហាសន្និបាតគុនខ្មែរពិភពលោក នៅខេត្តសៀមរាបដែរ ដើម្បីឱ្យតំណាងគុនខ្មែរទាំងជាង ៦០ប្រទេសមកចូលរួមទាំងអស់គ្នា»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា «យើងឃើញថា សមាជិកគុនខ្មែរទាំងអស់មានមហិច្ឆតារុញយើងឱ្យឈានទៅដល់ដំណាក់កាលយុទ្ធសាស្ត្រទី២ គឺចូលក្នុងកម្រិតអាស៊ី ពីព្រោះគុនខ្មែរត្រូវបានទទួលស្គាល់ជាផ្លូវការថាជាក្បាច់គុន ដែលបានរៀបចំប្រកួតពហុកីឡា ឬហ្គេម ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅរួចហើយ។ ដូច្នេះជាគោលដៅ យើងរុញ គុនខ្មែរ ឱ្យដល់កីឡាអាស៊ី (Asian Games) ដែលមាន ៤៥ប្រទេសជាសមាជិក។ ជាគោលដៅយុទ្ធសាស្ត្រដ៏ធំទី៣ គឺយើងនឹងរុញ «គុនខ្មែរ» ឱ្យដល់កម្រិតអូឡាំពិកហ្គេម នាថ្ងៃអនាគត ដែលជាកម្រិតការប្រកួតប្រជែងដ៏ខ្ពស់ និងធំបំផុតរបស់ពិភពលោក»៕

ប្រភព៖ AKP