ភ្នំពេញ៖ សហព័ន្ធកីឡាឡើងភ្នំកម្ពុជាផលិតបានធនធានមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងចៅក្រមកម្រិតមូលដ្ឋានកីឡាឡើងភ្នំ តាមរយៈវគ្គបណ្តុះបណ្តាលមួយ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាគូសបញ្ជាក់ថា ដោយអនុវត្តផែនការសកម្មភាពរបស់សហព័ន្ធកីឡាឡើងភ្នំឆ្នាំ២០២៣ និងការផ្ដល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣ ដើម្បីពន្លឿនការអភិវឌ្ឍចាប់តាំងពីឆ្នាំ២០១៨ និងបន្តបន្ទប់មកបានធ្វើឱ្យសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានដំណើការងារដ្ឋបាលបង់សមាជិកភាពទៅសហព័ន្ធអន្តរជាតិ ឧបត្ថម្ភមន្ត្រីប្រចាំការ និងមានសម្ភាររដ្ឋបាលប្រើប្រាស់បង្កភាពងាយស្រួល និងដំណើរការការងារសហព័ន្ធជាប្រក្រតី។
ប្រធានសហព័ន្ធបន្ថែមថា ចំពោះធនធានមនុស្ស សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលមានមន្ត្រីបច្ចេកទេស អ្នកបង្កើតផ្លូវ គ្រូបង្វឹក ចៅក្រម មន្ត្រីទាំងនោះបានមកបម្រើនៅក្នុងវិស័យកីឡាឡើងភ្នំ ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ កន្លងមកសហព័ន្ធតែងតែពឹងផ្អែកទៅលើមន្ត្រីបច្ចេកទេសជនជាតិជប៉ុន ប៉ុន្តែបន្ទាប់ពីមានការបណ្ដុះបណ្ដាលហើយចាប់ពីឆ្នាំ២០១៩ សហព័ន្ធទទួលខុសត្រូវលើការរៀបចំការប្រកួតដោយខ្លួនឯង។ ការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងចៅក្រម នៅឆ្នាំ២០២៣នេះ គឺដើម្បីពង្រីក ពង្រឹងទាំងបរិមាណ និងគុណភាព ក្នុងការត្រៀមលក្ខណៈចូលរួមដឹកនាំការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនានា។ នៅក្នុងវគ្គនេះមានសិក្ខាកាមចូលរួមសរុប២៥នាក់ ស្រី០៦នាក់ មកពីក្លឹបខេត្តកំពត ក្លឹប Power Up និងរាជធានីភ្នំពេញ។ ឆ្លងតាមការប្រឡងនៃវគ្គបណ្តុះបណ្តាលនេះ ជាលទ្ធផល សិក្ខាកាមទទួលលទ្ធផលល្អប្រសើរ។
លោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា លើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយប្រសិទ្ធិភាព។ កីឡាឡើងភ្នំ គឺជាប្រភេទកីឡាអូឡាំពិក មានការលេងនៅក្នុងសាល (ភ្នំសិប្បនិម្មិត) និងភ្នំធម្មជាតិ មានការពេញនិយមនៅបរទេស ទាំងនៅអាស៊ី និងនៅអឺរ៉ុប។ ដើម្បីចូលរួមសកម្មភាពនៅក្នុងតំបន់ និងនៅលើពិភពលោក សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានខិតខំជំរុញបំផុសឱ្យប្រជាជនកម្ពុជាបានស្គាល់បានដឹង និងចេះលេងកីឡាមួយនេះ ព្រោះប្រទេសកម្ពុជាយើងជាប្រទេសមួយសម្បូរទៅដោយភ្នំធម្មជាតិមានលក្ខណៈល្អសម្រាប់បម្រើឱ្យវិស័យកីឡាឡើងភ្នំធម្មជាតិ ដូចជាភ្នំកំពង់ត្រាច ខេត្តកំពតជាដើម៕
ប្រភព៖ AKP