សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ថ្នាក់ក្រោមទទួលសិទ្ធិហើយ ត្រូវមានម្ចាស់ការដោះស្រាយទៅតាមលទ្ធភាព កុំរង់ចាំបទបញ្ជា

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា មន្ត្រីថ្នាក់ក្រោមជាតិ មានខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ទទួលបានសិទ្ធិធ្វើការងារហើយ ត្រូវមានម្ចាស់ការដោះស្រាយទៅតាមលទ្ធភាព កុំរង់ចាំបទបញ្ជាពីថ្នាក់លើ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានស្នើឱ្យថ្នាក់មូលដ្ឋានក្ដាប់បញ្ហាឱ្យជាប់ សម្រួលបញ្ហាឱ្យអស់លទ្ធភាព ចំណែកថ្នាក់លើបើដោះស្រាយបញ្ហាចប់ហើយ ត្រូវជូនដំណឺងឱ្យបានទូលំទូលាយទៅថ្នាក់ក្រោមនិងប្រជាពលរដ្ឋ ចៀសវាងពួកគាត់មិនដឹង នាំគ្នាលើកបដាតវ៉ាមកលើ ខណៈបញ្ហាបានធ្វើរួចរាល់ស្រេចបាច់អស់ហើយនោះ។

សម្ដេចធិបតីថ្លែងម្ដងហើយម្ដងទៀត« ម្ចាស់ការដោះស្រាយទៅតាមលទ្ធភាព កុំរង់ចាំបទបញ្ជា វិមជ្ឈការនេះគឺការប្រគល់សិទ្ធិ ចឹងប្រគល់សិទ្ធត្រូវការដោះស្រាយ មិនមែនតែទំនាស់រឿងនោះទេ ប៉ុន្តែបញ្ហាផ្ដល់សេវារដ្ឋបាលផ្សេងៗ ម្ចាស់ការដោះស្រាយ កុំចាំបាទ បើឱ្យសិទ្ធិហើយចាំទទួល ចាំសួរលើសិន ពេលណាខ្ញុំដោះ អាហ្នឹងវាផ្ដើមចេញពីការកំណត់ឱ្យច្បាស់»។

សម្ដេចធិបតី បានជំរុញឱ្យ ក្រសួង ស្ថាប័ននីមួយៗ ត្រូវចេញណែនាំឱ្យច្បាស់នូវគោលការណ៍ណែនាំបច្ចេកទេសឱ្យច្បាស់ បទដ្ឋានការងារឱ្យច្បាស់ថា សិទ្ធិអ្វី ដែលមូលដ្ឋានកម្រិតណាមានសិទ្ធិដោះ កុំឱ្យគាត់អត់ច្បាស់ មិនហ៊ានធ្វើ ប្រគល់សិទ្ធិហើយបំពាក់បំប៉នគាត់ ហើយប្រគល់សិទ្ធិឱ្យគាត់ យើងផ្ដល់ការគាំទ្រ។

សម្ដេចធិបតីថ្លែងថា ពិតណាស់បញ្ហាមិនមែនសាមញ្ញាទាំងអស់ទេ  បើបញ្ហាសាមញ្ញាទាំងអស់មិនចាំបាច់មានតុលាការ ត្រូវការយន្តការសម្រាបសម្រួលដោះស្រាយក្រៅប្រព័ន្ធទេ។ ប៉ុន្តែ បើយើងខិតខំផ្សារភ្ជាប់ថ្នាក់លើថ្នាក់ក្រោម បត់បែននីតិវីធីធ្វើការងារឱ្យអស់លទ្ធភាពនោះ យើងនឹងទទួលបានជោគជ័យ៕

ប្រភព៖ AKP