លោក Felix Dalmas៖ យើងត្រៀមខ្លួនរួចរាល់ ក្នុងការប្រយុទ្ធនៅថ្ងៃនេះដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា

0

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកឡើងពីគុណភាពរបស់កីឡាករជម្រើសជាតិប៉ាគីស្ថាន ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតជើងទី២ ជុំទី១ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ខណៈក្រុមកម្ពុជាក៏បានត្រៀមខ្លួនបានរួចរាល់ដូចគ្នាដែរ ក្នុងការប្រយុទ្ធ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា។

នេះជាការលើកឡើងរបស់គ្រូបង្គោលកម្ពុជា ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន។

គ្រូបង្គោលជនជាតិអាហ្សង់ទីននៃក្រុមកម្ពុជា លោក Felix Dalmas គូសបញ្ជាក់ថា ៖«ជាដំបូងពួកយើងសូមអរគុណដល់ប៉ាគីស្ថានដែលទទួលស្វាគមន៍យើងបានយ៉ាងល្អ តាំងពីព្រលានយន្តហោះរហូតមកដល់សណ្ឋាគារ ប្រជាជននៅទីនេះពិតជារួសរាយជាមួយពួកយើង ហើយពួកយើងរីករាយដែលបានមកទីនេះ។ ពួកយើងមើលឃើញថាប៉ាគីស្ថានជាក្រុមដែលរៀបចំបានល្អ។ ពួកគេបាននាំយកកីឡាករមកពីអឺរ៉ុបមួយចំនួន ដើម្បីលេងតំណាងក្រុមរបស់ពួកគេ និងកីឡាករនៅក្នុងប្រទេសសម្បូរដោយកីឡាករល្អៗ ហើយពួកគេមានភាគរយជាងយើង ព្រោះនេះជាការប្រកួតលើទឹកដីរបស់គេ។ យើងក៏ត្រៀមខ្លួនរួចរាល់ដូចគ្នា ក្នុងការប្រយុទ្ធនៅថ្ងៃនេះ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា»។

ចំពោះលោក Stephen Constantine គ្រូបង្គោលក្រុមជម្រើសជាតិប៉ាគីស្ថានបានគូសបញ្ជាក់ដែរថា ៖«ពួកយើងពិតជាត្រេកអរដែលបានធ្វើការប្រកួតនៅទឹកដីរបស់យើងដែលខកខាន ធ្វើនៅទីនេះអស់រយៈពេល៨ឆ្នាំរួចមកហើយ។ ខ្ញុំបានដឹងរួចមកហើយថា កម្ពុជាជាក្រុមមួយ ដែលមានច្បាប់ទំលាប់រៀបចំបានល្អ ហើយការប្រកួតនេះគឺជាប្រកួតដែលតានតឹងមួយ សម្រាប់យើង និងកម្ពុជា ហើយយើងនឹងធ្វើឲ្យបានសម្រេចនូវលទ្ធផលមួយដែលល្អ»។

សម្រាប់ការប្រកួតជម្រុះជើងទី២ នៃវគ្គជម្រុះបឋម ជុំទី១នេះរវាងកម្ពុជា និងម្ចាស់ផ្ទះប៉ាគីស្ថាននឹងត្រូវធ្វើឡើងនាវេលាម៉ោង ១៦:០០ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jinnah Sports Stadium នៃទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន។ នេះគឺជាការប្រកួតដ៏សំខាន់ និងចុងក្រោយនៃវគ្គជម្រុះបឋមនេះ ដើម្បីកំណត់ជោគវាសនាថាតើរវាងក្រុមកម្ពុជា ឬប៉ាគីស្ថាន អាចឡើងទៅប្រកួតបន្តនៅជុំទី២ ដែលជាវគ្គចែកពូល។ ក្រុមឈ្នះ១ក្រុមរវាងកម្ពុជា ឬ ប៉ាគីស្ថាននឹងត្រូវបន្តឡើងទៅប្រកួតនៅជុំទី២ ក្នុងពូល G នៃព្រឹត្តិការណ៍ FIFA World Cup 2026 ជាមួយ៣ប្រទេសផ្សេងទៀត គឺក្រុមអារ៉ាប់ប៊ីសាអូឌីត (Saudi Arabia), ហ្ស៊កដានី (Jordan) និងក្រុមតាជីគីស្ថាន ( Tajikistan) ដែលកំពុងរង់ចាំស្រាប់។

គួររម្លឹកថា កាលពីប្រកួតជើងទី១ ក្រុមកម្ពុជារក្សាបានត្រឹមលទ្ធផលស្មើគ្នា ០ទល់០ ជាមួយប៉ាគីស្ថាន កាលពីថ្ងៃទី១២ ខែតុលា  ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក  រាជធានីភ្នំពេញ វគ្គជម្រុះជុំទី១ ជើងទី១ FIFA World Cup៕

ប្រភព៖ AKP