ភ្នំពេញ៖ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅតាមមន្ទីរអង្គភាពជុំវិញខេត្តពិសេសក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាទីវត្តអារាមនានា សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ជាច្រើន រួមទាំងទីកន្លែងសប្បាយផ្សេង ៗ នៅតាមមូលដ្ឋានជាច្រើនទៀតទូទាំងខេត្តកំពង់ឆ្នាំង បាននិងកំពុង រំលេចទៅដោយផ្កាភ្ញី ភ្លើងពណ៌ផ្សេងៗទាំងការសម្អាតបរិស្ថាន និងអនាម័យប្រកបទៅដោយសោភណភាពល្អ ដើម្បីជួបជុំបងប្អូនញាតិមិត្តឆ្ពោះទៅកាន់ទីវត្តអារាម និងជាកន្លែងលេងកម្សាន្ត ដែលមើលទៅគួរឱ្យជាទីគយគន់ និងបង្កភាពសប្បាយរីករាយ ក្នុងឱកាសការឈប់សម្រាករយៈពេល០៣ថ្ងៃ ក្នុងនោះក៏មានមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន ២៤កន្លែងផងដែរ ។
លោក សេង សាលី បានឱ្យដឹងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី វិលត្រឡប់ទៅកន្លែងធ្វើការ តាមរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ នៅចំណតរថយន្តផ្សារលើ ក្រុងកំពង់ឆ្នាំង នាថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីនេះដែរក៏មានវត្តមានលោក ឈឹន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំងនិងមន្ត្រីរាជការ ជាច្រើននាក់ក៏បានចូលរួមយ៉ាងស្និទ្ធស្នាលបំផុតជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី ផងដែរ ។
លោក ឈឹន សេងងួន មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ក្នុងវិស័យព្រះពុទ្ធសាសនា កសាងស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធនានា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បងប្អូនមានសិទ្ធិធ្វើបុណ្យទានគ្រប់ៗគ្នា និងគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងផងដែរ ។
លោកអភិបាលរងខេត្ត បានបន្តថា ក្នុងឱកាសបុណ្យភ្ជំឆ្នាំនេះ នៅក្នុងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ពិសេសក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាទីវត្តអារាមនានា សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ជាច្រើន រួមទាំងទីកន្លែងសប្បាយផ្សេងៗ នៅតាមមូលដ្ឋានជាច្រើនទៀតទូទាំងខេត្តកំពង់ឆ្នាំង បាននិងកំពុង រំលេចទៅដោយផ្កាភ្ញី ភ្លើងពណ៌ផ្សេងៗទាំងការសម្អាតបរិស្ថាន និងអនាម័យ ប្រកបទៅដោយសោភណភាពល្អ និងជាកន្លែងលេងកម្សាន្តដែលមើលទៅគួរឱ្យជាទីគយគន់ និងបង្កភាពសប្បាយរីករាយ ក្នុងឱកាសការឈប់សម្រាករយៈពេល០៣ថ្ងៃ ក្នុងនោះក៏មានមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន ២៤កន្លែងផងដែរ។ ដោយឡែកនៅតាមបណ្ដាតំបន់ទេសចរណ៍ ទីរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ជាច្រើនកន្លែងទៀត នៅតាមបណ្ដាស្រុកទូទាំងខេត្ត និងនៅតាមទីវត្តអារាមនានា ក៏បានរៀបចំតុបតែង ដើម្បីត្រៀមក្នុងពិធីបុណ្យភ្ជំ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវមកចូលរួមឧទ្ទិសបុណ្យកុសលផង និងជួបជុំញាតកាផង។
លោកបានអំពាវនាវដល់មន្ត្រីសុខាភិបាល ត្រូវតែត្រៀមលក្ខណៈជាប់ជាប្រចាំចំពោះការថែទាំ ព្យាបាលអ្នកជំងឺ និងការជួយសង្គ្រោះបន្ទាន់ នៅគ្រប់មណ្ឌលសុខភាព ។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ គឺការលក់ដូរ និងការទទួលទានចំណីអាហារ ត្រូវតែមានអនាម័យ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពិសាស្រាស មិនត្រូវលាយជាមួយភេសជ្ជៈផ្សេងៗ ដែលអាចធ្វើឱ្យពុល ឬក៏មានការរាគរូស ដោយប្រការណាមួយ។
លោកអភិបាលរងខេត្ត ឈឹន សេងងួន បានជូនពរបងដល់ប្អូនប្រជាពលរដ្ឋកម្មកា កម្មការិនីដែលវិលត្រឡប់ទៅបំពេញការងារវិញ និង មានការផ្ដាំផ្ញើដល់អ្នកបើកបរម្ចាស់យានយន្ត ត្រូវមានការប្រុងប្រយត័្នខ្ពស់ សុវត្ថិភាពជាចម្បងដើម្បីសេចក្ដីសុខយើងទាំងអស់គ្នា៕
ប្រភព៖ AKP