ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico នៅថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ។
Atletico បានចុះហត្ថលេខាលើ Felix ក្នុងតម្លៃបំបែកកំណត់ត្រា 113 លានផោនពី Benfica ក្នុងឆ្នាំ 2019 ។ ប៉ុន្តែកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ហាក់មិនសូវបានបង្ហាញភាពលេចធ្លោជាមួយក្លឹប Atletico Madrid ។
ដោយបានធ្វើការផ្លាស់ប្តូរទៅកាន់ Barcelona កីឡាករ Felix បានបង្ហាញសញ្ញានៃទម្រង់លេងដ៏អស្ចារ្យនៅក្លឹប Catalan ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងការប្រកួត 6 លើកដំបូងរបស់គាត់ក្នុងការប្រកួតទាំងអស់រួមទាំង 2 គ្រាប់ក្នុងការឈ្នះ UEFA Champions League លើ Royal Antwerp ។
ថ្លែងទៅកាន់សារព័ត៌មាន នៅពេលត្រូវបានគេសួរអំពីភាពខុសគ្នា រវាងជីវិតនៅក្លឹបថ្មីរបស់គាត់ និង Atletico។ គាត់បាននិយាយថា៖ «ដូចដែលខ្ញុំបាននិយាយជាច្រើនដង Barcelona និង Atletico មានភាពខុសគ្នាស្ទើតែទាំងស្រុង។ យើងអាចមើលឃើញពីរបៀបលេងរបស់ Barcelona ធៀបនឹង Atletico ។ Atletico មិនមែនមិនល្អទេ ប៉ុន្តែខ្ញុំបានសម្របខ្លួនជាមួយ Barcelona បានល្អជាង។ ឥឡូវនេះខ្ញុំសប្បាយចិត្ត ហើយវាជារឿងសំខាន់បំផុត»។
«Barcelona គឺជាក្លឹបធំមួយ មនុស្សគ្រប់គ្នាដឹងពីវិធីលេងរបស់ពួកគេ។ ខ្ញុំបានសម្របខ្លួនបានយ៉ាងល្អ ប៉ុន្តែអ្វីដែលពិបាកបំផុតគឺការរក្សាកម្រិតលេងរបស់ខ្ញុំ»។
Felix ធ្លាប់បានសារភាពថាគាត់ជឿជាក់ថាអ្វីគ្រប់យ៉ាងនៅ Barcelona គឺងាយស្រួលជាងនៅ Atletico Madrid ក្រោមការដឹកនាំរបស់ Diego Simeone ផងដែរដោយប្រាប់ Mundo Deportivo បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 5-0 លើក្រុម Real Betis ថា «ខ្ញុំកំពុងព្យាយាមលេងឱ្យបានល្អបំផុត។ ការផ្លាស់ប្តូរនេះគឺល្អសម្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំសង្ឃឹមថានឹងជួយក្រុមឱ្យអស់ពីលទ្ធភាព»៕