លោក Erik ten Hag បានចេញមុខមកការពារអ្នកចាំទី Andre Onana ម្តងទៀត បន្ទាប់ពីអ្នកចាំទី Manchester United ធ្វើឱ្យពួកគេចាញ់ជាលើកទី២ ក្នុងការប្រកួត Champions League ។
កីឡាករ Onana បានលេងគ្រប់ការប្រកួតទាំងអស់របស់ក្រុមបិសាចក្រហម ដោយបានរក្សា Clean Sheet ត្រឹមតែ 3 ដងប៉ុណ្ណោះ។
Ten Hag បានចុះហត្ថលេខាលើអតីតតារា Ajax ដោយចំណាយប្រាក់ជាង 47 លានផោនដល់ក្លឹប Inter ហើយបានសម្រេចចិត្តបោះបង់វីរបុរសក្លឹប David de Gea បើទោះបីជាកីឡាកររូបនេះឈ្នះស្រោមដៃមាស Premier League កាលពីរដូវកាលមុនក៏ដោយ។
រហូតមកដល់ពេលនេះ ការសម្រេចចិត្តនេះក្លាយជាគ្រោះមហន្តរាយ ដោយកីឡាករអន្តរជាតិកាមេរូនរូបនេះ បានធ្វើឱ្យមានកំហុសជាច្រើន។
អ្នកគាំទ្រជាច្រើន អស់ការអត់ធ្មត់ជាមួយអ្នកចាំទីរូបនេះ ប៉ុន្តែ Ten Hag បានព្យាយាមលើកទឹកចិត្តកីឡាកររបស់គាត់ ទោះបីជាដឹងថា គាត់មានពាក្យរិះគន់ពីអ្នកគាំទ្រជុំវិញរឿងនេះ។
អ្នកចាត់ការរូបនេះ បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំត្រូវតែនិយាយជាមួយនឹងកីឡាករបន្ថែមទៀត។ ខ្ញុំនឹងលើកទឹកចិត្តគាត់ ហើយនៅតែគាំទ្រគាត់។ គាត់ជាអ្នកចាំទីដ៏អស្ចារ្យ។ កំហុសដ៏ធំនោះគឺបញ្ហាផ្លូវចិត្ត ខ្ញុំដឹងច្បាស់ពួកគេមិននៅក្នុងកម្រិតនេះទេ ប៉ុន្តែអ្នកគ្រប់គ្នាតែដាក់សម្ពាធលើគាត់ ។ នេះវាជារឿងពិបាកគ្រប់គ្រងណាស់»៕