អតីតខ្សែប្រយុទ្ធ Manchester City និងអង់គ្លេស Francis Lee បានទទួលមរណៈភាពហើយក្នុងអាយុ 79 ឆ្នាំ។
Lee ស៊ុតបញ្ចូលទីបាន 148 គ្រាប់ក្នុងការបង្ហាញខ្លួន 330 ប្រកួតកំឡុងពេលលេងរយៈពេល 8 ឆ្នាំនៅ Man City ដោយបានជួយក្លឹបឈ្នះពានរង្វាន់ជាច្រើន រួមទាំងពាន First Division ក្នុងឆ្នាំ 1968 ផងដែរ។
សេចក្តីថ្លែងការណ៍របស់ Manchester City បាននិយាយថា Lee បានស្លាប់នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីមានជំងឺមហារីក អស់រយៈពេលជាយូរមកហើយ។
គួរបញ្ជាក់ផងដែរ ក្នុងពេលនៅ Man City លោក Lee ក៏បានឈ្នះពាន FA Cup មួយ, League Cup មួយ, European Cup Winners មួយ និង Charity Shield ពីរដងដែរ។
គាត់បានត្រលប់មកក្លឹបវិញក្នុងឆ្នាំ 1994 ក្នុងនាមជាប្រធានក្លឹប បន្ទាប់ពីការបណ្តាក់ទុនអាជីវកម្មជោគជ័យជាច្រើន ដោយចំណាយពេល 4 ឆ្នាំក្នុងតួនាទីនោះ។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា ក្រុមគ្រួសាររបស់គាត់បានអរគុណអ្នកគ្រប់គ្នា សម្រាប់ការចូលរួមរំលែកទុក្ខ។ គ្រប់គ្នានៅ Manchester City សូមចូលរួមរំលែកទុក្ខដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ Francis ក្នុងគ្រាដ៏លំបាកនេះ។ ជាសញ្ញានៃការគោរព ទង់ជាតិនៅកីឡដ្ឋាន Etihad និង City Football Academy បានបង្ហូតត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ។
Lee ដែលកើតនៅ Westhoughton រដ្ឋ Lancashire បានចាប់ផ្តើមអាជីពរបស់គាត់នៅ Bolton ជាកន្លែងដែលគាត់បានចូលបម្រើការងារនៅពេលគាត់មានអាយុ 16 ឆ្នាំក្នុងឆ្នាំ 1959 ។
គាត់បានបន្តស៊ុតបញ្ចូលទីបាន 106 គ្រាប់ក្នុង 210 ប្រកួតក្នុងរយៈពេល 8 រដូវកាលមុនពេលចុះហត្ថលេខាសម្រាប់ក្លឹប City ក្នុងតម្លៃកំណត់ត្រាក្លឹប 60,000 ផោន។
សេចក្តីថ្លែងការណ៍របស់ Bolton បានសរសេរថា៖ «ទាំងអស់គ្នានៅ Bolton Wanderers មានការសោកស្ដាយដែលដឹងពីមរណភាពរបស់អតីតខ្សែប្រយុទ្ធ Francis Lee ។ គំនិតរបស់មនុស្សគ្រប់គ្នានៅក្នុងក្លឹប គឺនៅជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សជាទីស្រលាញ់របស់ Francis ក្នុងគ្រាដ៏លំបាកនេះ»។
បន្ទាប់ពីភាពអស្ចារ្យរបស់គាត់នៅ City លោក Lee បានចូលរួមជាមួយ Derby ក្នុងឆ្នាំ 1974 ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី 30 គ្រាប់ក្នុងរយៈពេលពីររដូវកាល មុនពេលប្រកាសចូលនិវត្តន៍។ សេចក្តីថ្លែងការណ៍របស់ Derby បានសរសេរថា៖ «យើងមានការសោកស្ដាយយ៉ាងខ្លាំង ដែលបានដឹងពីការស្លាប់របស់ Francis Lee»៕