សហព័ន្ធ​បាល់ទាត់​អ៊ុយ​ក្រែ​ន ,​អង់គ្លេស​,​ស៊ុ​យ​អែ​ត មិន​យល់ព្រម​ការ​សម្រេចចិត្ត​របស់ UEFA ក្នុង​ការ​ផ្ដល់​សិទ្ធ​សម្រាប់​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី

0

សហព័ន្ធ​បាល់ទាត់​អ៊ុយ​ក្រែ​ន FA បាន​ស្នើ​ទៅ​កាន់​សមាគម​បាល់ទាត់​អឺរ៉ុប UEFA សុំ​កុំអោយ​ក្រុម U17 អ៊ុយ​ក្រែ​ន​លេង​ទល់​នឹង U17 រុ​ស្ស៊ី បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់ UEFA ក្នុង​ការ​ដាក់​បញ្ចូល​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​សម្រាប់​កម្រិត​យុវជន​។

យោង​តាម BBC Sport បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​នេះ​មិន​ត្រូវ​បាន​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​នៅ​ក្នុង UEFA ដែល​កើតឡើង​បន្ទាប់​ពី​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប បាន​ហាមឃាត់​ភាគី​រុ​ស្ស៊ី​ទាំងអស់​បន្ទាប់​ពី​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ​ឆ្នាំ 2022 ។

សហព័ន្ធ​បាល់ទាត់​របស់​អង់គ្លេស​បាន​និយាយ​រួច​ហើយ​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លេង​ជាមួយ​រុ​ស្ស៊ី​ទេ​។ ដោយឡែក​ស៊ុ​យ​អែ​ត​ក៏​បាន​និយាយ​ថា​ក្រុម U17 របស់​ខ្លួន​នឹង​មិន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​រុ​ស្ស៊ី​ដូច​គ្នា​។

UEFA បាន​ធ្វើការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​កាលពីដើម​ស​ប្តា​ហ៍​នេះ ហើយ​ឥឡូវនេះ​កំពុង​សម្រេចចិត្ត​ពី​របៀប​បញ្ចូល​ក្រុម​ត្រឡប់​ទៅ​ក្នុង​ការ​ប្រកួត​ជើងឯក​អ៊ឺ​រ៉ុ​ប​ផ្នែក​បុរស និង​ស្ត្រី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​ក្រោយ ។

ប្រធាន UEFA លោក Aleksander Ceferin បាន​និយាយ​ថា កីឡាករ​យុវជន​មិន​គួរ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​រុ​ស្ស៊ី​នោះ​ទេ​។ តាម​មើលទៅ​រឿង​នេះ មិន​ត្រូវ​បាន​ទទួលយក​ដោយ​ជនជាតិ​អ៊ុយ​ក្រែ​ន ហើយ​ការ​សម្រេច​នេះ ត្រូវ​បាន​បដិសេធ​។

នៅ​ក្នុង​លិខិត​របស់​ខ្លួន សហព័ន្ធ​អ៊ុយ​ក្រែ​ន បាន​និយាយ​ថា​៖ «​យើង​ត្រូវ​បាន​គេ​ជឿជាក់​ថា រាល់​ជំហាន​ឆ្ពោះទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​អ្នកតំណាង​រុ​ស្ស៊ី​ឡើង​វិញ គឺជា​និន្នាការ​ដ៏​គ្រោះថ្នាក់ និង​គួរ​ឱ្យ​ភ័យ​ខ្លាច ដែល​មាន​ន័យ​ថា គ្មាន​អ្វី​ក្រៅពី​ការ​គាំទ្រ​ដល់​រដ្ឋ​ភេរវ​ករ​រុ​ស្ស៊ី និង​ឧក្រិដ្ឋកម្ម​ទាំងអស់​របស់​ពួក​គេ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​អ៊ុយ​ក្រែ​ន​»​។

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអឺរ៉ុប​បុរស​អាយុ​ក្រោម 17 ឆ្នាំ​បន្ទាប់​នឹង​ត្រូវ​ប្រកួត​នៅ​ប្រទេស​អេ​ស៊ី​ប​នៅ​ឆ្នាំ​ក្រោយ ហើយ​ក្រុម​នារី​នឹង​ធ្វើ​ឡើង​នៅ​ខែឧសភា​នៅ​ប្រទេស​ស៊ុ​យ​អែ​ត​។

បន្ទាប់​ពី​ការ​ហាមឃាត់​ក្រុម​របស់​ប្រទេស​នេះ​ពី​ការ​ប្រកួត​ពាន​អឺរ៉ុប UEFA ក៏​បាន​ដកហូត​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​របស់​រុ​ស្ស៊ី​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2022 និង 2023៕