ក្រោយការចោទប្រកាន់ត្រូវបានច្រានចោល Greenwood ក៏ទទួលឱកាសជាថ្មីពីអ្នកចាត់ការទូទៅរបស់ក្លឹប Getafe លោក Jose Bordalas ក្នុងការបន្តអាជីពរបស់គាត់។ Greenwood បានប្ដូរចូលក្នុងតង់ទី 2 នៅនាទីទី ៧៧ ហើយគាត់បានរួមចំណែកក្នុងជ័យជម្នះ 3-2 លើ Osasuna ។
យោងការសែត Metro បានបញ្ជាក់ពីលោក Jose Bordalas បាននិយាយថា៖ «Mason គឺជាកីឡាករដ៏អស្ចារ្យ យើងមានទំនុកចិត្តច្រើនលើគាត់ ហើយខ្ញុំគិតថាវានឹងមានភាពវិជ្ជមានសម្រាប់ Getafe និងសម្រាប់បាល់ទាត់អេស្ប៉ាញ។ យើងមានការភ្ញាក់ផ្អើល ហើយរីករាយជាមួយគាត់។ ថ្ងៃនេះជាការប្រកួតដ៏លំបាកមួយ។ គាត់បានជួយយើងក្នុងការវាយប្រហារ និងការការពារផងដែរ»។
«គាត់បានបង្ហាញពីសាមគ្គីភាពជាមួយក្រុមរបស់គាត់ ហើយគាត់បានធ្វើឱ្យយើងភ្ញាក់ផ្អើល ។ យើងនឹងធ្វើការជាមួយគាត់ជាច្រើនខែទៀត។ យើងនឹងនិយាយរឿងនេះដោយស្ងប់ស្ងាត់។ ខ្ញុំគិតថាថ្ងៃនេះ នឹងមានភាពពិសេសសម្រាប់គាត់ ហើយគាត់នឹងមានអារម្មណ៍ល្អម្ដងទៀតជាមួយបាល់ទាត់ ។ ខ្ញុំដឹងថាអ្វីដែលកីឡាករបាល់ទាត់ចង់បាន គឺការប្រកួតប្រជែង»។
Bordalas បានបន្ថែមថា៖ «ខ្ញុំគ្រាន់តែនិយាយអំពីផ្នែកកីឡាប៉ុណ្ណោះ។ ថ្ងៃនេះអ្វីដែលខ្ញុំយកបាន គឺការរំពឹងទុករបស់អ្នកគាំទ្រ។ យើងសប្បាយចិត្ត ជាមួយគាត់ ។ គាត់បានរួមបញ្ចូលគ្នាយ៉ាងល្អ ដោយគិតពីរយៈពេលខ្លី ដែលគាត់បានមកទីនេះ។ វាជាការពិត អ្វីដែលពិបាក គឺភាសានិយាយជាមួយគាត់ ប៉ុន្តែយើងកំពុងជួយគាត់បានច្រើន»៕