ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញបើកសិក្ខាសាលា ពិនិត្យលើសេចក្ដីព្រាងកម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីបណ្ដុះបណ្ដាលសាកល្បង នៃគម្រោងកសាងសមត្ថភាពស្ដីពីវីធីសាស្រ្តថែទាំផ្លូវ-ថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នៅបណ្ដាប្រទេសកម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយកវិទ្យាស្ថានបានថ្លែងថា ក្រុមការងាររបស់វិទ្យាស្ថានបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទាំងការងារស្នូល និងការស្វែងរកកិច្ចសហការ គាំទ្រពីដៃគូជាតិ និងអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅរកចក្ខុវិស័យរួមនោះគឺ “ការកសាង និងពង្រឹងធន ធានមនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន” ។ សិក្ខាសាលានេះ គឺជាសក្ខីភាព នៃសមិទ្ធផលថ្មីមួយទៀត ដែលនឹងឈានឆ្ពោះទៅការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ មិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសវៀតណាម និងឡាវ ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមនាយកបានថ្លែងអំណរគុណចំពោះមូលនិធិ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) និងវិទ្យាស្ថានមេគង្គ (Mekong Institute) ដែលបានផ្តល់ឱកាសក្នុងការពិនិត្យ និងការវាយតម្លៃប្រកបដោយសុក្រឹតភាព និងបានជ្រើសរើសគម្រោងស្នើសុំរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះឡើង។
ជាមួយគ្នានេះដែរ ឯកឧត្តមនាយកបានគូសបញ្ជាក់ថា សិក្ខាសាលានេះត្រូវការចាំបាច់នូវការចូលរួមចំណែកពីភាគីពាក់ព័ន្ធ ក្នុងការជួយពិនិត្យផ្ទៀងផ្ទាត់ ផ្តល់ធាតុចូល និងយោបល់បន្ថែម ទៅលើលទ្ធផលនៃការរៀបចំកម្មវិធីបណ្តុះបណ្តាល ដើម្បីកែលម្អឱ្យការរៀបចំវគ្គបណ្តុះបណ្ដាលជូនដល់សិក្ខាកាម គោលដៅនៃគម្រោងនេះ កាន់តែល្អប្រសើរឡើង និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្តល់ឱកាសដល់ប្រទេសទាំងបី ដើម្បីសិក្សាពីគ្នាទៅវិញទៅមក ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា