បរទេស៖ លោក Erik ten Hag កំពុងសម្លឹងរកមើលការពង្រឹងនៅតំបន់បម្រើរបស់ខ្លួន មុននឹងទីផ្សារដោះដូរកីឡាករត្រូវបិទ ហើយក្នុងនោះកីឡាករ Hojbjerg ក៏ជាកីឡាករម្នាក់ដែលស្ថិតនៅក្នុងជម្រើសរបស់គាត់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាខាងក្លឹប Tottenham ក៏កំពុងសម្លឹងរកមើលការលក់កីឡាករវ័យ ២៨ឆ្នាំ ខណៈពេលដែលលោក Ange Postecohlou មិនចាប់ទុកកីឡាកររូបនេះស្ថិតនៅក្នុងជម្រើសរបស់គាត់នោះទេ។

ក្នុងនោះខាងក្លឹប Spurs ធ្លាប់បានទទួលយកនៅសំណើរតម្លៃផ្ទេរ ៣០លានផោន ពីក្លឹប Atletico Madrid សម្រាប់កីឡាករ Hojbjerg នៅដើមរដូវក្តៅ ប៉ុន្តែអ្វីៗត្រូវបានបរាជ័យវិញ ដោយសារតែបញ្ហាលក្ខខណ្ឌផ្ទាល់ខ្លួន។ សម្រាប់ United វិញក៏មានព័ត៌មានចចាមអារាមជាមួយនឹងកីឡាករ Sofyan Amrabat របស់ Fiorentina និងកីឡាករ Ryan Gravenberch របស់ Bayern Munich ក្នុងកំឡុងពេលក្លឹបកំពុងស្វែងរកខ្សែបម្រើថ្មី។

គួរបញ្ជាក់ថា ក្នុងការប្រកួត ៣ដងកន្លងមកនេះ គឺតំបន់បម្រើរបស់ក្លឹប United បានធ្វើការលើកម្រិត ហើយនេះវាអាចជាបញ្ហាប្រសិនជាក្លឹមិននាំយកកម្លាំងបន្ថែមចូលក្រុម៕