Laporta បញ្ជាក់អំពីចំនួនកីឡាករដែលក្លឹបនឹងទិញយកបន្ថែមទៀត មុនទីផ្សារដោះដូរបិទ

0

បរទេស៖ ទោះបីជាក្លឹប Barca មានការជាប់គាំងជាមួយនឹងបង្ហាញ Financial Fair Play នៅរដូវក្តៅនេះក៏ដោយ ក៏លោក Laporta នៅតែមានការជឿជាក់ថាពួកគេអាចផ្ទេរយកនៅកីឡាករបន្ថែមទៀតមកកាន់ក្លឹបមុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។ កីឡាករ Joao Cancelo របស់ Man City និង Joao Felix របស់ក្លឹប Atletico Madrid ដែលកំពុងមានព័ត៌មានលិចលឺយ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។​ ជាមួយគ្នានេះកីឡាករ Ansu Fati និង Marco Alonso ក៏មានព័ត៌មានទាក់ទងនឹងការចាកចេញពីក្លឹប Barca ផងដែរ។

ក្នុងនោះ ខណៈពេលដែលមានការចោទសួរអំពី Felix ទៅកាន់លោក Laporta។ គាត់ក៏បានធ្វើការឆ្លើយតបមកវិញថា “អ្នកគួរតែសួរទៅលោក Deco។ ពួកយើងមានចន្លោះប្រាក់ឈ្នួលដែលអាចធ្វើការផ្ទេរនៅវិនាទីចុងក្រោយ ដែលវាច្រើនជាងម្នាក់ ហើយពួកយើងកំពុងធ្វើការលើរឿងនេះ”។

ស្របពេលជាមួយគ្នានេះ ការចោទសួរបន្តទាក់ទងនឹងកីឡាករ Fati ក៏ត្រូវបានលោក Laporta ឆ្លើយថា “Ansu គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយពួកយើងចូលចិត្តគាត់។ វាអាស្រ័យទៅលើការសម្រេចចិត្តរបស់ Xavi ក្នុងការដាក់បញ្ចូលគាត់ទៅក្នុងក្រុម ហើយគាត់ជាសមាជិកម្នាក់នៅក្នុងក្រុម ដែលពួកយើងត្រូវការអោយគាត់អភិវឌ្ឍន៍។ ពួកយើងសប្បាយរីករាយ ប្រសិនជាគាត់បន្តស្នាក់នៅជាមួយយើង”។

ទំនុកចិត្ត និងសមត្ថិភាពរបស់លោក Laporta គឺគាត់ជឿជាក់ថានឹងអាចនាំក្លឹបអោយឆ្លងផុតនៅបញ្ហាហរិញ្ញវត្ថុដ៏ពិបាកមួយនេះ។ ខណៈ Cancelo អាចនឹងមកចូលរួមជាមួយនឹងក្លឹប ក្នុងជម្រើសខ្ចីជើងរយៈពេលវែង ស្របពេលដែលក្លឹប Barca អាចនឹងប្រើប្រាស់នៅកីឡាករ Fati ជាផ្នែកមួយនៃការផ្ទេរយកកីឡាករ Felix របស់ Atletico Madrid។

គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករកាន់តែខិតជិតក្នុងការបិទ ដែលវានៅតិចជាង ៤ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះលោក Laporta និងក្រុមការងាររបស់គាត់ ត្រូវធ្វើការប្រក្រួតប្រជែងក្នុងការផ្ទេរយកកីឡាករថ្មីមកចូលរួមជាមួយនឹងក្រុម៕