បរទេស៖ ក្លឹបកាំភ្លើងធំបានគិតថាក្រុមខ្លួន គឺមានកីឡាករគ្រប់គ្រាន់ហើយនៅតំបន់ការពារ ក្រោយការមកដល់របស់កីឡាករ Timber ពីក្លឹប Ajax។ ប៉ុន្តែអ្វីៗប្រែជាមិនល្អវិញ ក្រោយកីឡាកររូបនេះបានជួបនឹងបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ក្នុងកាលប្រកួតបើករដូវកាល Premier League ដែលទាមទារអោយគាត់ត្រូវធ្វើការវះកាត់ជាបន្ទាន់។ នៅពេលនេះ លោក Arteta បានត្រលប់មកកាន់ទីផ្សារដោះដូរម្តងទៀត ដើម្បីស្វែងរកនៅខ្សែការពារមកបន្ថែមទៀត។
ក្នុងនោះកីឡាករជម្រើសជាតិព័រទុយហ្គាល់ Joao Cancelo គឺជាម្នាក់ដែលស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Arsenal មួយរយៈមកហើយ ស្របពេលដែលរូបគាត់បានបាត់បង់នៅកៅអីជម្រើសដំបូងនៅក្លឹប Manchester City។ គាត់បានបង្ហាញខ្លួននៅ Pre-Season ក្រោមការដឹកនាំរបស់លោក Pep Guardiola បន្ទាប់ពីវិលត្រលប់ពីការចខ្ចីជើងនៅក្លឹប Bayern Munich ប៉ុន្តែគាត់ត្រូវបានដកចេញពីក្នុងការប្រកួត Community Shield, Premier League និង UEFA Super Cup។
ហើយបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min បានអោយដឹងថា ក្លឹប Arsenal បាននឹងកំពុងពិចារណាទៅលើកីឡាកររូបនេះ។ ហើយពួកគេនឹងត្រូវ ធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងក្លឹប Barcelona មកពី La Liga សម្រាប់ការផ្ទេរ Cancelo។ ខាងក្លឹបយក្សនៅអេស្ប៉ាញមួយនេះ បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករព័រទុយហ្គាល់ហើយ ប៉ុន្តែនៅមិនទាន់មានការព្រមព្រៀងណាមួយជាមួយ Man City នោះទេ។ មូលហេតុដែលមិនទាន់មានការព្រមព្រៀងគ្នារវាងក្លឹប ដោយសារតែខាង City ចង់លក់ Cancelo ជាអចិន្ត្រៃយ៍តែម្តង ដោយមិនចង់ដាក់អោយខ្ចីជើង ហើយមានបញ្ចូលលក្ខខណ្ឌទិញផ្តាច់នោះទេ។
គួរបញ្ជាក់ថា កីឡាករ Cancelo ក៏មានការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែមើលទៅ មានតែសំណើររបស់ក្លឹប Arsenal នោះទេ ដែលអាចអោយគាត់បន្តលេងនៅអង់គ្លេស ខណៈដែលពួកគេ ត្រូវការអ្នកមកជំនួសកីឡាករ Timber កំពុងមានបញ្ហារបួស៕