ប្រធានក្លឹប Bayern Munich បានបញ្ជាក់កាលពីថ្ងៃពុធថា ក្លឹបមានការពិភាក្សាជុំវិញការផ្ទេរខ្សែប្រយុទ្ធ Sadio Mané ទៅចូលរួមជាមួយក្លឹប Al Nassr របស់ Saudi Pro League ជាកន្លែងដែលគាត់អាចចាប់ដៃគូជាមួយ Cristiano Ronaldo ។
ប្រធានក្លឹបលោក Herbert Hainer បាននិយាយនៅក្នុងប្រទេសជប៉ុនក្នុងអំឡុងពេលការប្រកួតមុនរដូវកាលថា «FC Bayern ត្រូវបានជូនដំណឹងអំពីរឿងនេះ។ ប៉ុន្តែទាំងនេះ គឺជាការពិភាក្សាដំបូង អ្នកត្រូវរង់ចាំមើលសិន»។
តាមរបាយការណ៍នៅក្នុងកាសែត Bild របស់អាល្លឺម៉ង់បានបញ្ជាក់ថា ភ្នាក់ងាររបស់ Mané នឹងជួបជាមួយតំណាងរបស់ Al Nassr ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយ ។ Mané ដែលជាកីឡាករធ្លាប់ឈ្នះពានរង្វាន់ Premier League និង Champions League ជាមួយ Liverpool នឹងក្លាយជាកីឡាករចុងក្រោយគេក្នុងចំណោមកីឡាករល្បីៗ សម្រាប់ការចុះហត្ថលេខារបស់ក្លឹបអារ៉ាប៊ីសាអូឌីត។
Mané នៅសល់កុងត្រាពីរឆ្នាំទៀតជាមួយ Bayern ក្រោយពីការខកចិត្ត និងរបួសក្នុងរដូវកាលដំបូង បន្ទាប់ពីផ្ទេរពី Liverpool កាលពីឆ្នាំមុន។ ខ្សែប្រយុទ្ធសេណេហ្គាល់ស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 38 ប្រកួតសម្រាប់ក្រុម Bayern ៕