ទោះបីជាគ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez ថ្មីៗនេះបានបញ្ជាក់ថា ការចុះហត្ថលេខាលើខ្សែការពារស្តាំ Joao Cancelo មិនមែនជាអាទិភាពក្នុងរដូវក្តៅខាងមុខនេះក៏ដោយ ប៉ុន្តែក្លឹបនៅតែរក្សាចិត្តចង់បានសម្រាប់កីឡាកររូបនេះ។
យោងតាម RAC1 បានអោយដឹងថាក្លឹប Barcelona បានកំណត់យក Joao Cancelo ជាគោលដៅទី 1 របស់ពួកគេនៅក្នុងទីតាំងខ្សែការពារស្តាំ។ ក្លឹបចង់ពង្រឹងទីតាំងតំបន់ការពារស្តាំ ហើយក្លឹបជឿថាកីឡាករអន្តរជាតិព័រទុយហ្គាល់ អាចជាជម្រើសដ៏ល្អ។
Cancelo គឺជាគោលដៅសម្រាប់ Barcelona អំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ ប៉ុន្តែការផ្លាស់ប្តូរនេះ មិនបានសម្រេច ដោយសារស្ថានភាពសេដ្ឋកិច្ចរបស់ Barça ដោយកីឡាកររូបនេះបានចូលរួមជាមួយ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើង។
បន្ទាប់ពីការចូលរួមជាមួយ Bayern កីឡាករ Cancelo បានបង្ហាញពីភាពល្អប្រសើររបស់ខ្លួន ក្រោមការដឹកនាំរបស់លោក Thomas Tuchel ។ ទោះយ៉ាងណាក៏ដោយ Manchester City បានដាក់តម្លៃផ្ទេររបស់គាត់ប្រហែល 70 លានអឺរ៉ូ ហើយ Cancelo ក៏បានបញ្ជាក់ហើយថា «គាត់មិនបន្តនៅទឹកដី Allianz Arena ទៀតនោះទេ»។
គួបញ្ជាក់ផងដែរថាក្លឹប Barcelona មានទំនាក់ទំនងល្អជាមួយ Manchester City ហើយបើយោងតាមរបាយការណ៍បាននិយាយថា ពួកគេអាចមានសិទ្ធខ្ចីជើងពេញមួយរដូវកាល។ ប្រសិនបើកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះយល់ព្រម នោះក្រុម Catalans អាចចុះហត្ថលេខាលើគាត់នៅលើកិច្ចសន្យាអចិន្ត្រៃយ៍នៅឆ្នាំ 2024៕