អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា៖ ការផ្តល់ពិន្ទុកាត់សេចក្តីអនុវត្តន៍ទៅតាមស្ដង់ដារ ហើយអ្វីដែលទទួលបាននេះគឺជាលទ្ធផលបច្ចេកទេសពិតប្រាកដមែន

0

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដោយកម្ពុជាទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ៣ ឯកឧត្តម ណយ ផាណា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានគូសបញ្ជាក់ថា ការផ្តល់ពិន្ទុកាត់សេចក្តីអនុវត្តន៍ទៅតាមស្ដង់ដារ ហើយអ្វីដែលកីឡាករ កីឡាការិនី ទទួលបានក្នុងការប្រកួតនេះគឺជាលទ្ធផលបច្ចេកទេសពិតប្រាកដមែន។ ការបញ្ជាក់បែបនេះ ក្រោយបញ្ចប់ការប្រកួតប្រកួតកីឡាកាយសម្ព័ន្ធនៃ ព្រឹត្ដិការណ៍កីឡាស៊ីហ្គេម ២០២៣ នៅថ្ងៃទៅ១៤ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម ណយ ផាណា បានថ្លែងថា បើនិយាយអំពីការរៀបចំទីលាន គឺមានលក្ខណៈល្អ ដំណើរការរលូន និងមានការទទួលយកបានពីសហព័ន្ធកីឡាកាយសម្ព័ន្ធ។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា ទាក់ទងនឹងការរៀបចំបដិសណ្ឋារកិច្ច ការស្នាក់នៅហូបចុក ទទួលបានកោតសរសើរពីបណ្ដាប្រទេសចូលរួម និងមិនមានបញ្ហាអ្វីឡើយ និងបានលើកឡើងថា “ព្រឹត្តិការណ៍បើកស៊ីហ្គេមនេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងសម័យបច្ចេកវិទ្យា” ពាក់ព័ន្ធនឹងការរៀបចំទូទៅនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ ឯកឧត្ដមអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបន្ដថា ផ្គួបនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សហព័ន្ធបានរៀបចំពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ផងដែរ ហើយគណៈកម្មការបច្ចេកទេសទាំងកាយសម្ព័ន្ធអាទីស្ទីក ទាំងអាអេរ៉ូប៊ិក បានកោតសរសើរចំពោះការរៀបចំពិធីបើកនេះ ដែលមានថ្នាក់ដឹកនាំធំៗអញ្ជើញចូលរួមជាអធិបតី។

ដោយឡែក សម្រាប់ការផ្តល់ពិន្ទុកាត់សេចក្តី ឯកឧត្តមអគ្គលេខាធិកាបានមានប្រសាសន៍បញ្ជាក់ថា៖ «យើងអនុវត្តទៅតាមស្ដង់ដាររបស់គេ ហើយអ្វីដែលទទួលបាននេះគឺជាលទ្ធផលបច្ចេកទេសពិតប្រាកដមែន។ ផ្អែកទៅលើផែនការបច្ចេកទេស យើងធ្វើមិនមែនគោលដៅត្រឹមតែប៉ុននេះទេ ប៉ុន្តែពាក្យកីឡា គឺមានចាញ់ មានឈ្នះ ដោយសារតែកីឡាករ កីឡាការិនីខ្លះរបស់យើងមានបញ្ហាសុខភាព ហើយយើងត្រូវតែទទួលយកការពិត ហើយកីឡាករ កីឡាការិនី ក៏បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពផងដែរ»។

ឯកឧត្តម ណយ ផាណា បានបន្ថែមថា ជាលទ្ធផល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ៣ ដោយប្រទេសវៀតណាមដណ្ដើមបានមេដាយមាសទាំងអស់៕

ប្រភព៖ ក្រសួងព័ត៌មាន