ម្ចាស់មេដាយមាសវ៉ូវីណាម ជិន ពិសិដ្ឋ បង្ហាញមោទកភាពដែលបានលើកទង់ជាតិកម្ពុជា​ឱ្យបរទេសបានឃើញថាកម្ពុជាក៏មានសមត្ថភាពដែរ

0

ភ្នំពេញ៖ កីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជា ជិន ពិសិដ្ឋ ម្ចាស់មេដាយមាស និងប្រាក់ ស៊ីហ្គេម ២០២៣ បានបង្ហាញពីមោទកភាពខ្លាំងណាស់ដែលទទួលបានមេដាយមាស និងមានវត្ត​មាន​នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមនេះ ដើម្បីតំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡា​ប្រវត្តិសាស្ត្រនៅកម្ពុជា និងបានលើកទង់ជាតិកម្ពុជាឱ្យបរទេសបានឃើញថា​កម្ពុជាក៏មាន​សមត្ថភាពដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមកាលពីល្ងាច​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ២០២៣ នៅទីលានមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ ម្ចាស់មេដាយមាស និងប្រាក់រូបនេះបានបង្ហាញអារម្មណ៍រំភើប ដែល​បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រោះកន្លងមកខ្លួនធ្លាប់តែចូល​រួមប្រកួត​នៅប្រទេសគេ។ ម្ចាស់មេដាយមាសរូបនេះបានបញ្ជាក់ថា៖ «ប៉ុន្តែលើកនេះ​យើង​បានប្រកួតនៅក្នុងប្រទេសយើង ដែលធ្វើឱ្យយើងមានអារម្មណ៍កក់ក្ដៅ ដោយសារតែមាន​បងប្អូនប្រជាពលរដ្ឋ សាច់ញាតិមកលើកទឹកចិត្ត និងធ្វើឱ្យមានកម្លាំងចិត្តក្នុងការប្រកួត​ដណ្តើម​មេដាយ»។

កីឡាករ ជិន ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជា​ស្ថាបនិកសន្តិភាពសម្រាប់កម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះជា​លើក​ទីមួយ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ដែលខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យព្រឹត្តិ​ការណ៍នេះកាន់តែអស្ចារ្យ និងបង្ហាញឱ្យអន្តរជាតិឃើញថា កម្ពុជាអាចធ្វើបាន។ ជាមួយ​គ្នានេះ ម្ចាស់មេដាយមាសផ្នែកវ៉ូវីណាមរូបនេះ ក៏បានអរគុណចំពោះបងប្អូនប្រជាពល​រដ្ឋ​បានមកចូលរួមលើកទឹកចិត្ត ជាពិសេសចំពោះក្រុមគ្រូពេទ្យដែលជួយសម្រួលសរសៃ ម៉ាស្សាសាច់ដុំ ដែលធ្វើឱ្យក្រុមជម្រើសជាតិមានសុខភាពល្អ។

សូមបញ្ជាក់ថា កីឡាករ ជិន ពិសិដ្ឋ ឈ្នះមេដាយមាស១ លើវិញ្ញាសាការពារ​ខ្លួន​ចម្រុះ បុរស៣ និងនារី៣នាក់ ជាមួយកីឡាករ សាន សុជាតិ, ម៉េត សុភក្ត្រា និងកីឡាការិនី ប៉ាល់ ឆរស្មី, ពៅ សុខា, ឃន ចាន់សុភ័ក្រនាថ និងទទួលបានមេដាយប្រាក់ លើវិញ្ញាសា​បុរស​​ម្នាក់ការពារខ្លួន ទល់នឹងបុរស៣នាក់មានអាវុធ និងមេដាយសំរឹទ្ធ១លើវិញ្ញាសា​សម្តែង​ជាក្រុមផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា