កំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១:៣០នាទី នៅចំណុចក្នុងវត្តផុង ស្ថិតក្នុងភូមិ សហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ចំថៃ្ងបុណ្យវិសាខបូជា និងមានកម្មវិធីកំសាន្តនានា ព្រមទាំងមានល្ខោនបាសាក់ផងដែរ គាប់ជួនមានជនសង្ស័យឈ្មោះ ជា យ៉ា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូង សង្កាត់កោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពកាត់ខ្សែកផ្លាកទីនក្មេងប្រុសម្នាក់ដែលជាកូនរបស់ឈ្មោះ កែវ សុខគា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ខណៈពេលពេលម្តាយជនរងគ្រោះពរកូនដើរលេងបុណ្យវិសាខបូជានៅវត្តកំពុងឈរមើលល្ខោនស្រាប់តែជនសង្ស័យឈ្មោះ ជា យ៉ា បានលូកដៃកាត់យកខ្សែកផ្លាកទីនទម្ងន់ ១ជីកន្លះពីកកូនរួចដើរគេចខ្លួន ពេលនោះម្តាយជនរងគ្រោះមើលខ្សែកកូនស្រាប់តែបាត់ខ្សែកទើបដឹងថាឈ្មោះ ជា យ៉ា ជាអ្នកកាត់ក៏បានឆោឡោ ភ្លាមនោះកំលាំងសមត្ថកិច្ចសហការជាមួយប្រជាការពារធ្វើការឃាត់ខ្លួនបានជនសង្ស័យនិងបាននាំខ្លួនមកអធិការស្រុកដើម្បីសួរនាំ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពកាត់យកខ្សែករបស់កូនជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ និងត្រូវបានតំណាងអយ្យការចោទប្រកាន់ និងចៅក្រមបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រីឯវត្ថុតាងប្រគល់ជូនទៅម្តាយជនរងគ្រោះវិញ៕
ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ