កីឡាករកម្ពុជា ឈុន ប៊ុនថន សង្ឃឹមឡើងវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ

0

ភ្នំពេញ៖ កីឡាករកម្ពុជាជម្រើសជាតិផ្នែករត់ចម្ងាយ និងជាម្ចាស់ជើងឯកលេខ១ ក្នុងវិញ្ញាសា រត់ចម្ងាយ ៨០០ម៉ែត្រ និង ១.៥០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ ឈុន ប៊ុនថន នឹងចូលរួមប្រកួតរត់ចម្ងាយ ៨០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ ពេលរសៀលថ្ងៃនេះ ហើយលោកសង្ឃឹមថានឹងយកជ័យជម្នះ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

​កីឡាករ ឈុន ប៊ុនថន ដែលមានវ័យ ២៩ឆ្នាំ បានចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើស ជាតិរត់ចម្ងាយកម្ពុជាតាំងពីឆ្នាំ២០១៩មក ដោយលោកបានចូលរួមការប្រកួតតំណាង ឱ្យកម្ពុជាដំបូងបង្អស់ក្នុងការប្រកួតរត់ចម្ងាយពានរង្វាន់សាកលវិទ្យាល័យ (University Games) នៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែដោយសារតែការរត់ដួលបានធ្វើឱ្យ លោកបរាជ័យក្នុងការប្រកួតនោះ។ បន្ទាប់មក លោកបានចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅ ប្រទេសហ្វីលីពីន ដោយទទួលបានចំណាត់ថ្នាក់លេខ៤ និងលេខ៥ ក្នុងវិញ្ញាសារត់ចម្ងាយ ១.៥០០ម៉ែត្រ និង ៨០០ម៉ែត្រ។

​ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះឆ្នាំ២០២៣ នេះ កីឡាករ ប៊ុនថន បានទៅហ្វឹកហាត់នៅប្រទេសចិនអស់រយៈពេល ៨ខែ ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេសក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែលជាជំនាញ របស់លោក។ លោកបាននិយាយថា «ខ្ញុំបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការប្រកួតរត់ចម្ងាយ​ ៨០០ម៉ែត្រ នៅល្ងាចនេះ ទាំងសម្ភារ និងសមត្ថភាព ក៏ដូចជាទឹកចិត្ត ហើយសំខាន់ទៀតនោះ គឺខ្ញុំជឿជាក់ថា ការហ្វឹកហាត់រយៈពេល ៨ខែ នៅប្រទេសចិន ដែលធ្វើឱ្យសមត្ថភាព របស់ខ្ញុំមានការកើនឡើងខ្លាំង ហើយការប្រកួតវគ្គជម្រុះនៅល្ងាចនេះមិនមែន ជាឧបសគ្គរបស់ខ្ញុំទេ ដោយខ្ញុំជឿជាក់ថា ខ្ញុំនឹងអាចឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន»។

​តាមការបញ្ជាក់របស់កីឡាករ ឈុន ប៊ុនថន បានឱ្យដឹងថា កីឡារត់ចម្ងាយ ៨០០ម៉ែត្រនេះជាវិញ្ញាសារមួយពិបាកជាងគេក្នុងវិញ្ញាសាររត់ចម្ងាយទាំងអស់ ដោយសារមាន កីឡាករខ្លាំងៗច្រើនចូលរួម ដោយហេតុនេះហើយ ទើបវិញ្ញាសានេះត្រូវបែងចែកជា ២ក្រុម សម្រាប់ការប្រកួតជម្រុះដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

សូមជម្រាបជូនថា កីឡាករ ឈុន ប៊ុនថន កាលពី ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម មិនទទួលបានលទ្ធផលល្អទេ ដោយសារកត្តាសុខភាព និងការហ្វឹកហាត់មិនសូវបានដិតដល់ និងគ្រប់គ្រាន់ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា