ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការ ជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) មានប្រសាសន៍ថា «ការជូនថវិកាឧបត្ថម្ភនេះ មិនមែនដោយសារគាត់ចាញ់នោះទេ ប៉ុន្តែការជូនរង្វាន់នេះអំពីការប្រឹងប្រែង ចរិតមិនចុះចាញ់ មានន័យថា ធ្វើអ្វីមួយឱ្យ ដល់ទិសដៅ»។
នេះជាប្រសាសន៍របស់ឯកត្តម ក្នុងឱកាសអនុញ្ញាតដល់កីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ ៥០០ម៉ែត្រ ប៊ូ សំណាង ចូលជួប និងផ្តល់ថវិកាឧបត្ថម្ភលើកទឹកចិត្ត នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ដោយរួមដំណើរមកជាមួយលោក ដាំ ភិរម អនុប្រធានសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា។
ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះជាការបង្ហាញអំពីប្រឹងប្រែង ហើយកីឡាករទាំងអស់ គឺចាប់ផ្តើមពីការបរាជ័យនេះទៅហើយ។ ដូច្នេះ សំខាន់យើង ចង់ឱ្យមានការតស៊ូ ទោះធ្វើកីឡាក្តី រកស៊ីក្តី ពុះពារការលំបាកឱ្យដល់ភាពជោគជ័យ ដែលកីឡាការិនី ប៊ូ សំណាង បានបង្ហាញរូបភាពនេះ ដែលជារូបភាពទាក់ទាញ ដែលមិនត្រឹមតែកាសែតជាតិប៉ុណ្ណោះទេ គឺសូម្បីកាសែតអន្តរជាតិក៏បាន សរសេរផ្សព្វផ្សាយទៅពិភពលោកផងដែរ»។
កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បើទោះបីជាកី ឡាការិនីរូបនេះ មិនទទួលបានលទ្ធផលល្អ ប៉ុន្តែ នាងទទួលបាន ការតស៊ូ ពុះពាររត់ដល់ទីដោយមិនបោះបង់ការប្រកួត។
ជាមួយគ្នានេះ កីឡាការិនី ប៊ូ សំណាង ដែលទទួលបានការគាំទ្រ អាណិតអាសូរ នូវការតស៊ូពុះពារ ក្នុងការលំបាកនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងរំភើបចិត្តជា ខ្លាំងចំពោះឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូប និងសប្បុរសជននានា ដែលផ្តល់ថវិកាលើកទឹកចិត្តដល់រូបនាង៕
ប្រភព៖ ក្រសួងព័ត៌មាន