ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសផ្តល់ប្រាក់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារបន្ថែម ដល់កីឡាករ កីឡាការិនី ដែលឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

0

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសផ្តល់ប្រាក់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារបន្ថែម ដល់ កីឡាករ កីឡាការិនីណា ដែលឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បន្ថែមលើថវិកាដែល ឧបត្តម្ភដោយរាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង។

ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន ឧបត្ថម្ភដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកវិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ ២០០ ដុល្លារអាមេរិក បន្ថែមពីលើទឹកប្រាក់ដែលឧបត្ថម្ភចំនួន ៥០០ដុល្លារ អាមេរិក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ចំពោះកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្ត ចំនួន ១ម៉ឺនដុល្លារបន្ថែម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងអរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលា ក្នុងការហ្វឹកហាត់តាំងពីដើម រហូតមកដល់ការប្រកួតនាពេលនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរ នៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិ ឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយ គឺជាការរួបរួម សាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅ ក្នុងប្រទេស ក៏ដោយ។

« កីឡាករ កីឡាការិនី របស់យើងបើបានមេដាយមាស ថវិកា១ម៉ឺនដុល្លារ ប៉ុន្តែបើបានមេដាយ ប្រាក់ឬ មេដាយសំរឹទ្ធក៏បានដែរ ប៉ុន្តែបើបានមេដាយមាសដឹងតែ១ម៉ឺនដុល្លារជូនទៅបន្ថែមលើអ្វីៗដែល កីឡាករ កីឡាការិនីយើងទទួលបាន ពីរាជរដ្ឋាភិបាល បានពីសហព័ន្ធយើងផ្ទាល់តែម្តង ដែលត្រូវបន្ថែម ប្រាក់រង្វាន់នេះ ដល់កីឡាករ កីឡាការិនីរបស់យើងដែលទទួលបានមេដាយមាស»

សូមបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្ដរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជ័យលាភីមេដាយអត្តពលិក កម្ពុជា នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម សម្រាប់ការទទួលបាន មេដាយមាសបានចំនួន ៤០លានរៀល មេដាយប្រាក់ចំនួន ៣០លានរៀល និងមេដាយសំរឹទ្ធចំនួន ១៦លានរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន