ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងជំរុញ ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបាន១០០ភាគរយ ក្នុងពេល ដ៏ខ្លីខាងមុខនេះ ដើម្បីប្រែក្លាយព្រំដែននៃប្រទេសទាំងពីរឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព និងសហប្រតិ បត្តិការ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
ក្នុងឱកាសទទួលជួបសវនាការជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពិធីបើកជាផ្លូវការកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រសាសន៍ថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន ប្រោសប្រទានព្រះរាជក្រឹត្យផ្តល់សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួចហើយ។
សម្តេចសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងខិតខំអនុវត្តនូវកិច្ចព្រមព្រៀងនេះ ដើម្បី ឈានទៅសម្រេចឱ្យបាននូវការបោះបង្គោលព្រំដែនទាំងស្រុង ដើម្បីប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅ ទាំងជំនាន់នេះ និងទៅជំនាន់តទៅមុខទៀត។
សម្តេចវិបុលសេនាភក្តី បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអតិបរមា ដោយមើលឃើញ ចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើន លើគ្រប់វិស័យ ហើយត្រូវបានលើកកម្រិតទំនាក់ទំនងជា “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង”។ ប្រជាជន រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យបានរឹងមាំខ្លាំងក្លាជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ ប្រទេសជាតិទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តមប្រធានរដ្ឋឡាវ បានសម្តែងនូវការអបអរសាទរចំពោះសភាកម្ពុជា ដែលបានដើរតួនាទី យ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាពិសេសអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឡាវ-កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធភាជ្រាប អំពីលទ្ធផលនៃជំនួបរវាងឯកឧត្តម ជាមួយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ជាពិសេសការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីជួយគ្នា ហើយនឹងថែរក្សាប្រពែណីដ៏ល្អនេះ ឲ្យកាន់តែផ្លែផ្កាល្អប្រសើរ ជាងនេះថែមទៀត។
ឯកឧត្តមប្រធានរដ្ឋឡាវ បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ កាលពីពេលថ្មីៗនេះ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា ចំពោះការ បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលសម្រេចបាន៨៦% ហើយនឹងបន្តការងារនេះឲ្យបាន ជោគជ័យ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាបុព្វហេតុដ៏មានសារសំខាន់ណាស់ ដើម្បីធ្វើឲ្យខ្សែបន្ទាត់ ព្រំដែន ប្រទេសទាំងពីរ មានស្ថិរភាព និងទុកជាកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ។
ជាមួយគ្នានោះ ឯកឧត្តមសង្ឃឹមថា ព្រឹទ្ធសភាកម្ពុជានឹងបន្តគាំទ្រដល់ការពង្រឹងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន