ប្រធានសហព័ន្ធកីឡាឧបសគ្គកម្ពុជារំពឹងថា កម្ពុជានឹងទទួលបានមេដាយសំរឹទ្ធក្នុងការប្រកួតឯកត្តជន

0

ឯកឧត្តម បួនហ៊ីង សុធីយ៉ា ប្រធានសហព័ន្ធកីឡាឧបសគ្គកម្ពុជា បានធ្វើការវាយតម្លៃថា លទ្ធផលសម្រាប់ការប្រកួតរយៈពេល២ថ្ងៃនេះ កម្ពុជាទទួលបានលទ្ធផលល្អដែរ ដោយសារតែយើងមានកីឡាករសម្រាប់ការប្រកួតឯកត្តជនបានឈានទៅដណ្ដើមមេដាយសំរឹទ្ធ នៅថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (ICOC) រាជធានីភ្នំពេញ ឯកឧត្តម បួនហ៊ីង សុធីយ៉ា បានថ្លែងថា បើទោះបីនេះជាការចូលរួមលេងលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាក៏ដោយ ប៉ុន្តែបើគិតពីរឿងគុណផលសម្រាប់កីឡាកររបស់យើង គឺមិនចាញ់ឆ្ងាយគេពេកទេ គឺប្រកៀកប្រកិតជាមួយគ្នា។ ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា៖ «ទាក់ទងនឹងការប្រកួតនេះដោយសារតែសហព័ន្ធរបស់យើងទើបនឹងបង្កើតក្នុងរយៈពេល៤ខែនេះ ហើយរយៈពេលនៃការហ្វឹកហ្វឺនរបស់យើងនៅមិនទាន់ដល់កម្រិត ដោយសារតែសម្ភារសម្រាប់ត្រៀមមុនស៊ីហ្គេមទើបមកដល់មុនការរៀបចំប្រកួតស៊ីហ្គេមក្នុងរយៈពេលខ្លី ដែលធ្វើឱ្យការហ្វឹកហ្វឺនអត់សមស្របទៅនឹងលក្ខខណ្ឌនៃសម្ភារបចេ្ចកទេស។ ម៉្យាងវិញទៀត ដោយសារតែកីឡាករយើងថ្មី ហើយការប្រកួតនេះជាការប្រកួតខ្នាតធំសម្រាប់អាស៊ីអាគ្នេយ៍ជាលើកទី១ ធ្វើឱ្យកីឡាករមានសម្ពាធ»។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា ចំពោះការអភិវឌ្ឍវិស័យកីឡាឧបសគ្គសហព័ន្ធមានផែនការយុទ្ធសាស្ត្រដើម្បីពង្រីកបន្ថែមទៀត ពេលចប់ស៊ីហ្គេម ដូចជាការធ្វើ Tournament នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីជ្រើសរើសរកកីឡាករ កីឡាការិនីល្អៗ ដើម្បីត្រៀមប្រកួតជើងឯកអន្តរជាតិនានាទៀតព្រោះវិញ្ញាសាកីឡាឧបសគ្គនេះ គឺកំពុងពេញនិយម។ ឯកឧត្ដមបានថ្លែងឱ្យដឹងទៀតថា៖ «ដោយសារឥឡូវនេះមានជាង១២០ ប្រទេសដែលគេហ្វឹកហាត់កីឡាឧបសគ្គនេះដែរ ហើយយើងសង្ឃឹមថាពីមួយឆ្នាំទៅមួយឆ្នាំកីឡាឧបសគ្គកាន់តែមានប្រជាប្រិយភាពក្នុងស្រទាប់យុវជន យុវនារីដើម្បីចូលរួមលេង ព្រោះការចូលរួមលេងកីឡានេះ គឺចូលរួមថែទាំសុខភាពខ្លួនឯងផងដែរ។ ទន្ទឹមនេះ ប្រសិនបើគាត់មានទេពកោសល្យ និងសមត្ថភាពយើងអាចជ្រើសរើសគាត់ក្នុងក្រុមប្រមូលផ្តុំដើម្បីហ្វឹកហាត់បន្តសម្រាប់ការប្រកួត។»

ឯកឧត្តម បួនហ៊ីង សុធីយ៉ា ប្រធានសហព័ន្ធកីឡាឧបសគ្គកម្ពុជាបានរំពឹងថា កម្ពុជាអាចទទួលបានមេដាយសំរឹទ្ធ ហើយអ្វីដែលយើងភ័យបំផុតនោះគឺ ដោយសារតែនេះជាប្រភេទកីឡាឧបសគ្គ ដែលអាចនឹងធ្វើឱ្យមានឧបសគ្គច្រើន ប្រសិនបើពេលប្រកួតមិនមានបញ្ហាអី្វនោះទេ យើងសង្ឃឹមថាកីឡាករនឹងអាចទទួលបានមេដាយសំរឹទ្ធ។ ឯកឧត្ដមបានលើកឡើងថា ជាលទ្ធផលសម្រាប់វិញ្ញាសាកីឡាឧបសគ្គកម្ពុជាមានកីឡាករសម្រាប់ការប្រកួតឯកត្តជន ដើម្បីឈានទៅដណ្ដើមមេដាយសំរឹទ្ធ។ ប៉ុន្តែទាក់ទឹងវិញ្ញាសាជាក្រុម កម្ពុជាមិនអាចឈានទៅដល់វគ្គបន្ទាប់ទៀតទេ ដោយសារកម្ពុជាចាញ់នាទីរបស់ក្រុមម៉ាឡេស៊ី ព្រោះនៅពេលប្រកួតជុំទី១ (1st round) ក្រុមកីឡាករជាក្រុមមានបញ្ហានៅឧបសគ្គទី៧ ទី៨ ធ្វើឱ្យនាទីថយចុះ។

ឯកឧត្ដមប្រធានក៏បានពន្យល់បន្ថែមថា ទាក់ទងនឹងនាទី គេគិតយកនាទីណាដែលលឿនជាងគេ គឺគេអត់គិតជាមធ្យមភាគសម្រាប់នាទីនោះឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន