បរទេស៖ ជាមួយនឹងការពិភាក្សាលើកិច្ចសន្យាដែលបានជាប់គាំងអស់រយៈពេលជាច្រើនខែចាប់តាំងពីការឈ្នះពានរង្វាន់ World Cup ជាប្រវត្តិសាស្រ្តរបស់គាត់ ធ្វើអោយអនាគតរបស់ Lionel Messi ឥឡូវនេះមើលទៅទំនងជានឹងនៅឆ្ងាយពី PSG ។ បើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថា ក្លឹប PSG លែងបង្ខំក្នុងការបន្តកុងត្រាជាមួយនឹងកីឡាករ Messi ហើយ ដោយក្លឹបយល់ព្រមអោយគាត់ចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ។
តាមប្រភពកន្លងមកបានអោយដឹងថាម្ចាស់ក្លឹប PSG គឺលោក Nasser Al-Khelaifi កំពុងប្តេជ្ញាចិត្តក្នុងការពង្រឹងការដឹកនាំក្លឹប ជាជាងផ្តោតលើតារាឆ្នើមរូបនេះ។ ការបើកចំហទ្វារបស់ក្លឹប Barcelona សម្រាប់ Messi ដែលក្លឹបមួយនេះសង្ឃឹមថាអាចរក្សានៅការចុះហត្ថលេខារូបគាត់បាន ហើយមានតែកត្តាហិរញ្ញវត្ថុប៉ុណ្ណោះ ដែលចោទជាបញ្ហាចំពោះកិច្ចព្រមព្រៀងមួយនេះ។
គួរបញ្ជាក់ថាបញ្ហាហរិញ្ញវត្ថុរបស់ក្លឹប Barcelona មិនមែនជារឿងអាថ៌កំបាំងនោះទេ។ ដោយក្លឹបកំពុងតែមានបញ្ហា អាចនឹងបាត់បងកីឡាករ Gavi ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ លុះត្រាតែក្លឹបអាចស្វែងរកនៅថវិកាដើម្បីធ្វើការចុះឈ្មោះនៅកុងត្រារបស់គាត់បាន៕