ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង​សុំ​ទោស​លោក Zidane (​មាន​វី​ដេ​អូ​)

0

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (FFF) លោក Noel Le Graet បាន​សុំ​ទោស​លោក Zinedine Zidane បន្ទាប់​ពី​មានការ​អត្ថាធិប្បាយ​ដ៏​ចម្រូងចម្រាស់​អំពី​អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម​ជម្រើសជាតិ​បារាំង​។

បារាំង​បាន​ចាញ់​អា​ហ្ស​ង់​ទី​ន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2022 ដែល​បណ្តាល​ឱ្យ​មានការ​រំពឹង​ទុក​អំពី​អនាគត​របស់​លោក Didier Deschamps ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​បារាំង​។

Zidane ដែល គ្មាន ការងារ ធ្វើ ចាប់ តាំង ពី ត្រូវ បាន ជំនួស ដោយ លោក Carlo Ancelotti ជា គ្រូ បង្វឹក របស់ Real Madrid ក្នុង ឆ្នាំ 2021 គឺ ជា បេក្ខភាព​មួយ ដ៏ មាន សក្តានុពល​បំផុត​ដែល ត្រូវ បាន គេ​រំពឹង​ថា​ជា អ្នក ជំនួស​តំណែង​លោក Deschamps ។ របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​អតីត​កីឡាករ​ជម្រើសជាតិ​បារាំង​រូប​នេះ​អាច​ក្លាយជា​ជា​អ្នកចាត់ការ​ក្រុម​មាន់គក​បារាំង​។

លោក Zinedine Zidane ខ្លួនឯង​បាន​សារភាព​ថា​គាត់​ចង់​ក្លាយជា​អ្នកគ្រប់គ្រង​ក្រុម​ជម្រើសជាតិ​បារាំង​នា​ពេល​អនាគត​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង FFF លោក Noel Le Graet បាន​ច្រានចោល​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការ​ផ្សា​ភ្ជាប់​ទាំងនេះ ហើយ​បាន​និយាយ​ថា​៖

«​ប្រសិនបើ Zidane ព្យាយាម​ទាក់ទង​មក​ខ្ញុំ ខ្ញុំ​នឹង​មិន​លើក​ទូរស័ព្ទ​ទេ​។ ពិត​ណាស់ គាត់​មាន​អ្នកគាំទ្រ​ច្រើន ហើយ​អ្នកខ្លះ​កំពុង​រង់ចាំ Deschamps ចាកចេញ​។ ប៉ុន្តែ​តើ​អ្នក​ណា​អាច​រិះគន់ Deschamps​? គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​វា​បាន​ទេ​»​។

បន្ទាប់​ពី​ការ​លើក​ឡើង​ដ៏​អាក្រក់​របស់​គាត់​អំពី​អតីត​តារា Real Madrid ពេល​នេះ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង FFF បាន​ធ្វើការ​សុំ​អភ័យទោស​ចំពោះ Zidane​។ លោក Le Graet បាន​និយាយ​តាម​រយៈ RMC Sport ថា​៖

«​ខ្ញុំ​ចង់​សុំ​ទោស​ចំពោះ​ការ​លើក​ឡើង​ទាំងនេះ​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​គំនិត និង​ការ​ពិចារណា​របស់ខ្ញុំ​ចំពោះ Zidane»​។

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង FFF បាន ទទួល ស្គាល់ ថា ការ​លើក​ឡើង​របស់​គាត់​គឺ​មិន​បាន​ព្រៀង​ទុក ហើយ បាន និយាយ ថា គាត់ មាន ការ គោរព យ៉ាង ខ្លាំង ចំពោះ អតីត​ខ្សែ បម្រើ ជម្រើស ជាតិ បារាំង រូប នេះ​។ លោក Le Graet បាន​និយាយ​ថា​៖

«​ខ្ញុំ​ទទួលស្គាល់​ថា ការ​លើក​ឡើង​របស់ខ្ញុំ​ខុសឆ្គង​ដែល​បង្កើត​ឲ្យ​មានការ​យល់​ច្រឡំ​។ Zinedine Zidane ដឹង​ពី​ការ​គោរព​ដ៏​ធំធេង​ដែល​ខ្ញុំ​មាន​ចំពោះ​គាត់ ក៏​ដូច​ប្រជាជន​បារាំង​ទាំងអស់​ដែរ​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា កិច្ចសន្យា​របស់​លោក Deschamps ឥឡូវនេះ​ត្រូវ​បាន​បន្ត​រហូត​ដល់​ឆ្នាំ 2026 ដែល​មាន​ន័យ​ថា​គាត់​នឹង​នៅ​តែ​ជា​គ្រូបង្វឹក​របស់​បារាំង​សម្រាប់​ការ​ក្រ​កួត FIFA World Cup 2026៕