Neymar និយាយ​ពី Ronaldo មុន​ការ​ប្រកួត World Cup 2022 (​មាន​វី​ដេ​អូ​)

0

តារា​ឆ្នើម​របស់​ក្លឹ​ប Paris Saint-Germain កីឡាករ Neymar Jr. បាន​ធ្វើការ​អះអាង​មិន​គួរ​ឱ្យ​ជឿ​អំពី Cristiano Ronaldo នៅ​មុន​ការ​ប្រកួត FIFA World Cup ឆ្នាំ 2022 ។

កំពូល​តារា​ឆ្នើម PSG និង Manchester United នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​រៀង​ៗ​ខ្លួន ប្រេ​ស៊ី​ល និង​ព័រ​ទុ​យ​ហ្គា​ល់ អំឡុង​ពេល​ការ​ប្រកួត​នៅ​ប្រទេស​កា​តា​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ចាប់ផ្តើម​រដូវ​កាល​របស់​កីឡាករ​ទាំង​ពីរ​ជាមួយនឹង​ក្លឹ​ប​របស់​ពួក​គេ គឺ​មិន​ដូច​គ្នា​ឡើយ​។

Neymar មាន​ភាព​អស្ចារ្យ​ជាមួយ PSG ក្នុង​យុទ្ធនាការ​នេះ​ដោយ​ក្នុង 19 ប្រកួត​គាត់​ស៊ុត​បញ្ចូល​ទី​បាន 15 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន 12 ដង​។

ទន្ទឹម​នឹង​នោះ Ronaldo បាន​ឈាន​ទៅ​ដល់​ការ​ចាប់ផ្តើម​ដ៏​អាក្រក់​បំផុត​របស់​គាត់​នា​ពេល​ថ្មី​ៗ​នេះ ដោយ​ក្នុង​ការ​ប្រកួត​ចំនួន 16 កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​តែ 3 គ្រាប់​ប៉ុណ្ណោះ​និង Assist ពីរ​លើក​។

យ៉ាងណា​ក៏​ដោយ Neymar បាន​ប្រាប់​សារព័ត៌មាន G1 ថា​៖ «​ឆន្ទៈ​ដែល Cristiano មាន រួម​ទាំង​បុគ្គលិកលក្ខណៈ និង​ទំនុកចិត្ត គឺ​អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​ស្រមៃ​»​។

អ្នក​ទាំង​ពីរ​ជា​គូប្រជែង​នឹង​គ្នា​ក្នុងអំឡុងពេល​ពួក​គេ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ខណៈ Ronaldo តំណាង​ឱ្យ Real Madrid ហើយ​កីឡាករ​ប្រេ​ស៊ី​ល​ជា​កីឡាករ​របស់ Barcelona​។

ពួក​គេ​មិន​ទាន់​អាច​ប៉ះ​គ្នា​នៅ UEFA Champions League បន្ទាប់​ពី Ronaldo បាន​ចាកចេញ​ទៅ Juventus និង​ក្រោយមក​វិល​មក​កាន់ Manchester United វិញ​។ ទោះ​យ៉ាងណា​ក៏​ដោយ ពួក​គេ​តែងតែ​កោតសរសើរ​ចំពោះ​គុណសម្បត្ដិ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។

នៅ​ក្នុង​បទ​សម្ភាសន៍​ឆ្នាំ 2019 Cristiano Ronaldo បាន​ហៅ Neymar ថា​ជា​កីឡាករ​ដ៏​អស្ចារ្យ​។ គាត់​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន MARCA ថា​៖

«​គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​បន្ត​មាន​ទំនាក់ទំនង​ល្អជា​មួយ​គាត់​។ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​លេង ហើយ​មិន​ថា​គាត់​នៅ​ទីណា​ទេ ថែរក្សា​ខ្លួន​គាត់ និង​ជៀសវាង​របួស​។ នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ចង់បាន​សម្រាប់​គាត់​»៕