បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថាវាពិតជា “ចាំបាច់” ដើម្បីប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃនេះទៅលើតំបន់ទាំង៤របស់អ៊ុយក្រែនដែលទីក្រុងម៉ូស្គូបានដាក់បញ្ចូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោក Putin មិនបានបកស្រាយភ្លាមៗនូវជំហានដែលនឹងត្រូវធ្វើឡើងក្រោមច្បាប់អាជ្ញាសឹកនោះទេ ប៉ុន្តែលោកបាននិយាយថា បទបញ្ជារបស់លោកនឹងមានប្រសិទ្ធភាពនៅក្នុងតំបន់ដែលបានបញ្ចូលក្នុងឧបសម្ព័ន្ធមានដូចជា Donetsk, Kherson, Luhansk និង Zaporizhzhia ចាប់ពីថ្ងៃព្រហស្បតិ៍នេះ។
ក្រឹត្យរបស់លោកប្រធានាធិបតីបានផ្តល់ឱ្យទីភ្នាក់ងារអនុវត្តច្បាប់ចំនួន៣ថ្ងៃដើម្បីដាក់សំណើជាក់លាក់ និងបញ្ជាឱ្យបង្កើតកងកម្លាំងការពារដែនដីនៅក្នុងតំបន់ឧបសម្ព័ន្ធទាំង៤នោះ។ លោកបាននិយាយទៀតថា៖ យើងកំពុងធ្វើការដើម្បីដោះស្រាយនូវកិច្ចការងារទ្រង់ទ្រាយធំ និង ដ៏លំបាកបំផុតដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់រុស្ស៊ីនាពេលអនាគត ដើម្បីការពារប្រជាជនរបស់យើង នៅពេលដែលលោកបានផ្តើមថ្លែងសុន្ទរកថាតាមទូរទស្សន៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ។ ទីក្រុងមូស្គូបានរៀបចំ “ការធ្វើប្រជាមតិ” ដែលរៀបចំដោយវិមានក្រឹមឡាំង នៅក្នុងតំបន់ចំនួន៤ដែលបានដាក់បញ្ចូលកាលពីខែមុន។
ចំណែករដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិចវិញបានច្រានចោលលទ្ធផលនេះថាជាការបោះឆ្នោតប្រជាមតិបែប”បោកប្រាស់”។ លោក Putin ក៏បានផ្តល់អំណាចបន្ថែមក្នុងកិច្ចការងារជួយសង្រ្គោះបបន្ទាន់ដល់ប្រមុខរដ្ឋបាលថ្នាក់ក្រោមទាំងអស់នៅក្នុងប្រទេសរុស្ស៊ីដែរ។ លើសពីនេះទៅទៀតមេដឹកនាំរុស្ស៊ីរូបនេះក៏បានបញ្ជាឱ្យបង្កើតក្រុមប្រឹក្សាសម្របសម្រួលដើម្បីជម្រុញអន្តរកម្មរវាងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗក្នុងការដោះស្រាយការប្រយុទ្ធនៅអ៊ុយក្រែនដែលលោកបានបន្តហៅវាថា “ប្រតិបត្តិការយោធាពិសេស ” ឬ “special military operation” ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា