យោងតាមការចេញផ្សាយរបស់សារព័ត៌មានអ៊ីតាលី Corriere dello Sport បានអះអាងថាតារាឆ្នើម Cristiano Ronaldo របស់ក្រុម Manchester United នៅតែចង់ចូលរួមជាមួយក្លឹបយក្សនៅ Premier League នៅរដូវក្តៅនេះ។ ក្រុមតោខៀវដែលបានបដិសេធឱកាសចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នៅដើមរដូវក្តៅនេះ ត្រូវបានគេរាយការណ៍ថាអាចពិចារណាឡើងវិញនូវជំហររបស់ពួកគេ ប្រសិនបើក្លឹបបរាជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Barcelona ។
គេជឿថា Cristiano Ronaldo ចង់ចាកចេញពី Old Trafford នៅរដូវក្តៅនេះ ប្រហែលជាចង់ចូលរួមជាមួយក្លឹបដែលនឹងមានវត្តមាននៅ Champions League នៅរដូវកាលនេះ។ អតីតកីឡាករ Real Madrid រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបមួយចំនួនក្នុងរដូវក្តៅនេះ រួមទាំង Chelsea របស់លោក Thomas Tuchel ផងដែរ។
អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ ត្រូវបានគេរាយការណ៍ថា បានច្រានចោលប្រធានក្រុមព័រទុយហ្គាល់នៅដើមរដូវក្តៅនេះ ខណៈដែលគាត់គិតថា CR7 មិនសមនឹងប្រព័ន្ធលេងរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ជំហររបស់គាត់អាចផ្លាស់ប្តូរ ប្រសិនបើក្រុមរបស់គាត់មិនឈានដល់កិច្ចព្រមព្រៀងជាមួយ Barcelona សម្រាប់ Aubameyang ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។
យោងតាមប្រភពខាងលើបានឲ្យដឹងថាកីឡាករ Cristiano Ronaldo បានដាក់សំណើដើម្បីចូលរួមជាមួយក្រុមតោខៀវ ដោយបញ្ឈប់ពាក្យចចាមអារ៉ាមក្នុងការផ្លាស់ប្តូរទៅកាន់ Napoli ហើយសង្ឃឹមថា Chelsea នឹងទាក់ទងជាមួយភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes មុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី 1 ខែកញ្ញា។
គួរបញ្ជាក់ផងដែរថាយោងតាមលោក Fabrizio Romano បានឲ្យដឹងថាក្លឹបភាគខាងលិចទីក្រុងឡុងដ៍កំពុងចរចាជាមួយ Barcelona ជុំវិញការផ្ទេររបស់ Aubameyang ហើយភាគីទាំងពីរមិនទាន់យល់ព្រមលើតម្លៃផ្ទេរដ៏មានសក្តានុពលសម្រាប់កីឡាករអន្តរជាតិហ្គាបុងនោះទេ៕