អតីតអ្នកចាត់ការទូទៅរបស់ Manchester United លោក Sir Alex Ferguson មិនមែនជាផ្នែកមួយនៃកិច្ចប្រជុំរបស់ក្លឹបជាមួយ Cristiano Ronaldo ជុំវិញអនាគតរបស់តារាព័រទុយហ្គាល់នេះទេ នេះបើយោងតាមការបញ្ជាក់របស់លោក Rich Fay ។
Ronaldo វ័យ 37 ឆ្នាំត្រូវបានគេរាយការណ៍ថា បានប្រាប់បិសាចក្រហមថាគាត់ចង់ចាកចេញនៅរដូវក្តៅនេះ ខណៈដែលគាត់ចង់បន្តលេងនៅ UEFA Champions។
ជំនួបរវាងកីឡាករ ភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes និងថ្នាក់ដឹកនាំក្លឹប នឹងធ្វើឡើងដើម្បីពិភាក្សាអំពីអនាគតរបស់ខ្សែប្រយុទ្ធរូបនេះនៅថ្ងៃទី 26 ខែកក្កដា។
លោក Sir Alex Ferguson ត្រូវគេថតបានពេលមកដល់កន្លែងហ្វឹកហាត់ Carrington ដែលនាំឱ្យមានការរំពឹងទុកថា គាត់ប្រហែលជាជាផ្នែកមួយនៃកិច្ចប្រជុំ ជុំវិញបញ្ហាអនាគតរបស់ CR7។
ទោះយ៉ាងណាក៏ដោយ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Manchester Evening News លោក Rich Fay បានបដិសេធការលើកឡើង ដែលថាបុរសវ័យ 80 ឆ្នាំនឹងជាផ្នែកមួយនៃកិច្ចពិភាក្សានេះ ដោយបានសរសេរនៅលើ Twitter របស់គាត់ថា៖
«លោក Sir Alex Ferguson នៅឯ Carrington នៅព្រឹកនេះ សម្រាប់ការប្រជុំក្រុមប្រឹក្សាភិបាលរួមជាមួយលោក Richard Arnold និង David Gill ។ កិច្ចប្រជុំនេះបានគ្រោងទុកតាំងពីមួយខែមុន ហើយសរុបមកគឺគាត់មកនេះមិនមែនសម្រាប់រឿងរបស់ Ronaldo នោះទេ»។
គួររំលឹកឡើងវិញដែរថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Chelsea, Bayern Munich និង Atletico Madrid ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការដេញថ្លៃណាមួយចូលមកនៅឡើយទេ ហើយគាត់នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Man Utd ជាមួយនឹងជម្រើសបន្តបានមួយឆ្នាំទៀត៕