លោក Tuchel និយាយ​បែប​នេះ​! ក្រោយ Sterling បង្ហាញខ្លួន​ជា​លើក​ដំបូង

0

លោក Thomas Tuchel អ្នកចាត់ការ​ទូទៅ​របស់ Chelsea បាន​បង្ហាញ​អំពី​គំនិត​របស់​គាត់ លើ​ការ​បង្ហាញខ្លួន​ជា​លើក​ដំបូង​របស់​កីឡាករ​ចំណូល​ថ្មី Raheem Sterling ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង Charlotte កាលពី​ថ្ងៃ​ទី 20 ខែកក្កដា​។ គាត់​បាន​និយាយ​ថា​មិន​មាន​អ្វី​ត្រូវ​រិះគន់​ច្រើន​ទេ​ព្រោះ​វា​គ្រាន់តែ​ជា​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ប៉ុណ្ណោះ​។

និយាយ​អំពី​ការ​បង្ហាញ​ទម្រង់​លេង​របស់ Sterling លោក Tuchel បាន​ប្រាប់ Football.london ថា​៖ «​ខ្ញុំ​បានឃើញ​ចំនុច​វិជ្ជមាន​អំពី​ល្បឿន​ចំនួន​បួន​ដែល​ផ្តើម​ឡើង​ដោយ Raheem នៅ​ក្នុង​តង់​ទី​ពីរ​។ មិន​ចាំបាច់​មានការ​សង្ស័យ ឬ​ការ​រិះគន់​អ្វី​ធំដុំ​ទេ ប៉ុន្តែ​វា​មិន​សំខាន់​អ្វី​ដែល​អ្នកចាត់ការ​ត្រូវ​គិត​នោះ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ប៉ុណ្ណោះ​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Sterling បាន​ចូលរួម​ជាមួយ Chelsea ពី Manchester City នៅ​រដូវក្តៅ​នេះ​ក្នុង​តម្លៃ​ប្រហែល 47.5 លាន​ផោន​។ គាត់​បាន​ចំណាយពេល 7 រដូវ​កាល​ដ៏​អស្ចារ្យ​នៅ Etihad ដោយ​ឈ្នះ​ពានរង្វាន់ Premier League ចំនួន 4 និង​ពាន​ក្នុងស្រុក​ជា​ច្រើន​ទៀត​។ កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន 131 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន 94 ដង​ក្នុង​ការ​បង្ហាញខ្លួន 337 លើក​សម្រាប់​ក្រុម​មេឃ​ខៀវ នៅ​ទូ​ទាំង​ការ​ប្រកួត​ទាំងអស់​៕