គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag ជឿជាក់ថាខ្សែការពារកណ្តាលអង់គ្លេស Harry Maguire នឹងក្លាយជាកីឡាករសំខាន់សម្រាប់បិសាចក្រហមនៅរដូវកាលក្រោយ។
Maguire បានទទួលការរិះគន់ជាច្រើនចំពោះទម្រង់លេង និងអសមត្ថភាពរបស់គាត់ក្នុងការដឹកនាំក្រុម ជាឧទាហរណ៍នៅពេលដែល Man Utd បានស៊ូទ្រាំនឹកការធ្លាក់ចុះយ៉ាងខ្លាំងកាលពីរដូវកាល 2021-22 ។
អ្នកគាំទ្រ និងអ្នកវិភាគជាច្រើនបានអំពាវនាវឲ្យកីឡាករអង់គ្លេសម្នាក់នេះ ដោះខ្សែដៃប្រធានក្រុមចេញ។ ទោះជាយ៉ាងណាក៏ដោយលោក Ten Hag បានបញ្ជាក់នៅដើមខែនេះថា Maguire នឹងបន្តជាប្រធានក្លឹបសម្រាប់រដូវកាលខាងមុខនេះ។
គ្រូបង្វឹកសញ្ជាតិហូឡង់ក៏ជឿជាក់ថាកីឡាករវ័យ 29 ឆ្នាំរូបនេះ គឺជាខ្សែការពារដ៏ល្អម្នាក់របស់ Manchester United នៅពេលនេះ។ Ten Hag បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ The Athletic ថា៖
« យើងមានខ្សែការពារកណ្តាលល្អ ហើយ Harry គឺជាម្នាក់ក្នុងចំណោមពួកគេ។ គាត់អាចលេងនៅខាងឆ្វេង និងខាងស្តាំ។ ខ្ញុំគិតថាគាត់គឺជាកីឡាករជម្រើសដំបូង»។
អតីតគ្រូបង្វឹកក្រុម Ajax រូបនេះបានបន្ថែមថា៖ «គាត់បានលេងឱ្យក្រុមអង់គ្លេសចំនួន 46 ដង។ Harry ពិតជាគួរអោយចាប់អារម្មណ៍ ហើយខ្ញុំរំពឹងច្រើនលើគាត់។ ប៉ុន្តែក៏មានការប្រកួតប្រជែងផ្ទៃក្នុងផងដែរ ហើយនោះជាអ្វីដែលក្លឹបដូចជា Man United ត្រូវការ»។
អ្នកចាត់ការសញ្ជាតិហូឡង់បានបន្តទៀតថា ការរក្សាតំណែងប្រធានក្រុមអាចផ្តល់ទំនុកចិត្តដល់ Maguire ដោយបញ្ជាក់ថា៖
«ការកសាងក្រុមសម្រាប់ខ្ញុំ គឺជាចំណុចសំខាន់មួយ ហើយខ្ញុំតែងតែនិយាយអំពីអ្នកដឹកនាំក្រុម។ ប្រធានក្រុមពិតជាសំខាន់ ហើយខ្ញុំសប្បាយចិត្តជា Maguire»។
«វាអាចផ្តល់ឱ្យគាត់នូវទំនុកចិត្តបន្ថែមទៀត ខ្ញុំនឹងគាំទ្រគាត់នៅគ្រប់ទីកន្លែងដែលខ្ញុំអាចធ្វើបាន។ នៅទីបញ្ចប់គាត់ត្រូវតែធ្វើវាដោយខ្លួនឯង ហើយគាត់មានគុណសម្បត្តិដើម្បីធ្វើវា»៕