Cristiano Ronaldo អាចបង្ខំ Manchester United ឱ្យចូលជ្រៅទៅក្នុងទីផ្សារ ហើយព្យាយាមចុះហត្ថលេខាលើ Neymar របស់ PSG ឬខ្សែប្រយុទ្ធ Robert Lewandowski ដែលជាគោលដៅផ្ទេររបស់ Barcelona ។ នៅសល់តែ 5 សប្តាហ៍ទៀតប៉ុណ្ណោះមុនពេលចាប់ផ្តើមយុទ្ធនាការ Premier League ឆ្នាំ 2022-23 កីឡាករសញ្ជាតិព័រទុយហ្គាល់បានសុំឱ្យក្លឹបស្តាប់ការផ្តល់ជូនសម្រាប់គាត់ នេះបើយោងតាមការចេញផ្សាយរបស់ BBC។
ESPN បានរាយការណ៍ថា Manchester United អាចសម្លឹងឆ្ពោះទៅរកកីឡាករពីររូបគឺតារាឆ្នើមរបស់ PSG កីឡាករ Neymar និងកីឡាករ Lewandowski របស់ Bayern Munich ដែលអាចជំនួស Cristiano Ronaldo ។ សារព័ត៌មានដដែលក៏បានលើកឡើងពីក្លឹប Bayern Munich និង Napoli ជាក្លឹបដែលមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរូបនេះ។
Chelsea ក៏បានធ្វើការសន្ទនាគ្នាផងដែរ ដោយម្ចាស់ថ្មីរបស់ពួកគេលោក Todd Boehly ក៏បានជួបជាមួយភ្នាក់ងាររបស់តារាឆ្នើម Manchester United លោក Jorge Mendes ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមតោខៀវមិនទាន់សម្រេចចិត្ត ថាតើត្រូវដេញថ្លៃជាផ្លូវការសម្រាប់ Cristiano Ronaldo ដែរឬទេ។
បើមើលទៅ Manchester United នឹងមានបញ្ហាតិចជាងក្នុងការចុះហត្ថលេខាជាមួយ Neymar បើធៀបជាមួយ Lewandowski ដោយក្រុម PSG បានរៀបចំចែកផ្លូវជាមួយកីឡាករប្រេស៊ីលនៅពេលថ្មីៗនេះ។ តម្លៃ 50 លានអឺរ៉ូហាក់ដូចជាគ្រប់គ្រាន់ដើម្បីចុះហត្ថលេខាលើ Neymar នៅរដូវក្តៅនេះ នេះបើយោងតាមលោក Jose Alvarez បានបង្ហាញនៅលើសារព័ត៌មាន El Chiringuito ។
ការចាកចេញរបស់ Cristiano Ronaldo ចាប់ផ្តើមមើលទៅទំនងកាន់តែខ្លាំងឡើង បន្ទាប់ពីការខកខានរបស់គាត់ក្នុងការបង្ហាញខ្លួននៅក្នុងការហ្វឹកហាត់មុនបើករដូវកាល ដោយលើកឡើងពី “ហេតុផលគ្រួសារ” ដែលជាមូលហេតុនៃការអវត្តមានរបស់គាត់។ ក្រុមរបស់លោក Erik ten Hag នឹងហោះហើទៅទីក្រុងបាងកកនៅថ្ងៃសុក្រ ប៉ុន្តែវានៅតែមិនច្បាស់ ថាតើម្ចាស់ពាន Ballon d’Or ប្រាំសម័យនឹងចូលរួមជាមួយពួកគេដែរ ឬយ៉ាងណានោះទេ។
ESPN ក៏បានរាយការណ៍ផងដែរថា បិសាចក្រហមនឹងបើកចំហរក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធអាយុ 37 ឆ្នាំទៅក្លឹបនៅក្រៅប្រទេសអង់គ្លេស ប្រសិនបើមានអ្នកចង់បានគាត់ក្នុងកិច្ចសន្យា 500,000 ផោនក្នុងមួយសប្តាហ៍៕