ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែង បណ្ដាលឲ្យឆេះរថយន្តអស់ចំនួន៣គ្រឿង ក្រោយពីកើតហេតុបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។ គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្បែរស្តុប ឯកឧត្តម ជា សុផារ៉ា តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់លេខទូរស័ព្ទ Hotline របស់យើង ភ្លាមៗនោះ លោកក៏បានបញ្ជាឲ្យកម្លាំងជំនាញគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
លោកនាយការិយាល័យ បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ២២ឡាន ស្មើរនឹង ៨៨ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៦គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹក ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃខែឆ្នាំដដែរ ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះរថយន្តចំនួន ៣គ្រឿងអស់ទាំងស្រុង ម៉ាក ធុនត្រា ១គ្រឿង, ម៉ាក ឡិចស៊ីស NX200T ១គ្រឿង និងម៉ាក CRV ១គ្រឿង ទំហំ (២០ម៉ែត្រ x ៣០ម៉ែត្រ) សាងសង់អំពីដែកប្រក់ស័ង្កសី ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺដោយសារតែការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ